រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម គន់ គីម នាំយករបបប្រចាំខែ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ជូនដល់អតីតយុទ្ធជន នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ចំនួន៦២៨គ្រួសារ

  • 321
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បាននាំយករបបប្រចាំខែ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅប្រគល់ជូនអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាបេសកកជនពិសេស របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ផងដែរ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំមកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសម្ដេចទាំងទ្វេ ដែលតែងគិតគូរនិងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជននៅទីនេះគ្រប់ពេលវេលា។ សម្ដេចបានផ្ដល់ដី ផ្ដល់ផ្ទះ ធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា មកកាន់ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះ ព្រមទាំងមានរបបឧបត្ថម្ភប្រចាំខែ មានអង្ករ ត្រីខ ទឹកត្រី សារុង និងថវិកាចំនួន១០ម៉ឺនរៀល ជូនដល់អតីតយុទ្ធជនទាំង៦២៨គ្រួសារទៀតផង។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំកែទម្រង់លើគ្រប់វិស័យ ទាំងប្រាក់បៀវត្សមន្ត្រីរាជការ កម្មករកម្មការិនី អតីតយុទ្ធជន មន្ត្រីចូលនិវត្ត ព្រមទាំងផ្ដល់ប័ណ្ណក្រីក្រ ប័ណ្ណបសស ចាក់វ៉ាក់សាំង និងដោះស្រាយបញ្ហាជីវភាពជូនប្រជាពលរដ្ឋខ្វះខាត ក្នុងកាលៈទេសៈជំងឺកូវីដ១៩ និងឧបត្ថម្ភប្រាក់ជូនមន្ត្រីរាជការសម្រាប់ចូលឆ្នាំថ្មីម្នាក់ៗ ៥ម៉ឺនរៀល។​

ឯកឧត្តម គន់ គីម សូមឱ្យអតីតយុទ្ធជនទាំងអស់ ពេលទទួលបានដី បានផ្ទះ និងផ្លូវស្រួលធ្វើដំណើរហើយ ត្រូវនាំគ្នាប្រឹងប្រែងដាំដំណាំឈើហូបផ្លែ បន្លែបង្កាផ្សេងៗ និងចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីទុកហូប និងទុកលក់ដោះស្រាយជីវភាពគ្រួសារឱ្យបានប្រសើរឡើង។ ជាមួយគ្នានេះត្រូវបញ្ជូនកូនចូលរៀនឱ្យបានគ្រប់ៗគ្នា និងអប់រំពួកគេឱ្យមានសីលធម៌ល្អ កុំឱ្យពួកគេជក់គ្រឿងញៀន និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។ ឯកឧត្តមក៏បានជម្រុញដល់មន្ត្រីជំនាញ ក្នុងការពន្លឿនផ្ដល់ប័ណ្ណសមធម៌ ជូនអតីតយុទ្ធជនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ។

ដោយពិនិត្យឃើញដីនៅតាមជើងភ្នំតំបន់ដំណាក់ត្រយឹងនោះនៅសេសសល់ច្រើន ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សូមឱ្យអភិបាលនៃគណៈអភិបាលខេត្ត ធ្វើសំណើរទៅរាជរដ្ឋាភិបាល ដើម្បីត្រៀមបម្រុងទុកជាដីសហគមន៍ សម្រាប់អតីតយុទ្ធជនក្រោយៗទៀត ចៀសវាងជនខិលខូច មករំលោភបំពានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួ នដោយខុសច្បាប់៕ 

អត្ថបទទាក់ទង