រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា អាណត្តិទី៧ ប្រគេនភ្លេងពិណពាទ្យ និងស្គរធំ ទុកសម្រាប់ប្រើប្រាស់ក្នុងវត្តច័ន្ទរង្សី ហៅវត្តរំលេច

  • 23
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម តាន់ គឹមវិន ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា អាណត្តិទី៧ រួមជាមួយ ឯកឧត្តម ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំយកឧបករណ៍ភ្លេងពិណពាទ្យ មួយឈុតធំ និងស្គរធំ១ ប្រគេនដល់ព្រះគ្រូចៅអធិការ វត្តច័ន្ទរង្សី (ហៅរំលេច) ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីទុកប្រើប្រាស់ក្នុងវត្ត ពេលមានបុណ្យទានម្តងម្កាល និងដើម្បីបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ។

ការប្រគេនឧបករណ៍ភ្លេងពិណពាទ្យ និងស្គរធំខាងលើនេះ គឺជាការឆ្លើយតបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញឱ្យបង្កើតវង់ភ្លេងពិណពាទ្យ និងឆៃយ៉ាំ នៅតាមបណ្ដាវត្តអារាម នៅទូទាំងប្រទេស ដើម្បីអភិរក្សវង់ភ្លេងបុរាណនេះ ឱ្យមានវត្តមាន និងកើនឡើងបន្តទៀត។

សូមជម្រាបថា ឧបករណ៍ភ្លេងពិណពាទ្យ ជាអំណោយរបស់ឯកឧត្តម តាន់ គឹមវិន និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារ ដោយឡែកស្គរធំ ជាអំណោយរបស់លោកស្រី ម៉ិញ ហូល្លីវុធ នាមដើម កាន់ ស៊ីយ៉ា និងក្រុមគ្រួសារ។ ឧបករណ៍ភ្លេងពិណពាទ្យនេះ នឹងត្រូវបានគ្រូជំនាញ មកបង្ហាត់បង្រៀនដល់យុវជន និងក្មួយៗ ដើម្បីងាយស្រួលពេលមានបុណ្យសាសនាម្តងម្កាល ពោលគឺអាចប្រើបានក្នុងពិធីបុណ្យនានានៅតាមភូមិស្រុក ដូចជា៖ បុណ្យផ្កាបុណ្យបច្ច័យបួន បុណ្យកឋិន... ជំនួសឱ្យការចាក់មេក្រូភ្លេងពិណពាទ្យ។

គួរជម្រាបជូនថា វង់ភ្លេងពិណពាទ្យ ត្រូវបានគេជឿថា មានប្រភពដើម នៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថា ពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថា មានក្រុមមួយទៀតហៅថា កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។ នៅពាក់កណ្តាលសម័យនោះមានក្រុមពីរ ដែលបម្រើឱ្យតាមអ្នកព្រហ្មញ្ញសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនា ក្នុងចំណោមភ្លេងខ្មែរទាំងអស់ តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុងសម័យអង្គរ។ មានប្រជាជនខ្មែរមួយចំនួន នៅតែហៅវង់ភ្លេងនេះថា វង់ភ្លេងសៀម ទាំងនេះគឺជាការខុសឆ្គងមួយ ដែលប្រជាជនខ្មែរមិនយល់ពីប្រវត្តិ នៃភ្លេងពិណពាទ្យ របស់ខ្លួន៕

Ti Amo (ពស) 

អត្ថបទទាក់ទង