រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រសួងកសិកម្ម បន្តចុះវាយតម្លៃលទ្ធផល នៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូងលើដំណាំស្រូវប្រជាកសិករ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

  • 19
  • ដោយ Admin

(ពោធិ័សាត់)៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍ និងនាំយកដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករ នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់​ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ផងដែរ។

ការបន្តចុះពិនិត្យអន្តរាគមន៍នេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករដែលចូលរួមប្រមាណជិត២០០គ្រួសារ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាត់ដង្កូវក្នុងតម្លៃសមរម្យ ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។

សូមជម្រាបថា ខេត្តពោធិ៍សាត់បានរងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករតិចជាងគេក្នុងចំណោម១៥ផ្សេងទៀត ដោយសារមានការទប់ស្កាត់បានទាន់ពេល ធ្វើឱ្យកាត់ផ្តាច់ការវាយលុក និងការរីករាលដាលរបស់ដង្កូវទាំងតំបន់ដែលដង្កូវវាយលុក និងតំបន់ផ្សេងៗដែលកសិករបាញ់ថ្នាំកសិកម្មទប់ស្កាត់។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងកសិកម្មក៏អំពាវនាវទៅដល់កសិករទាំងអស់ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលផ្ទុះឡើងនៅដង្កូវហ្វូងនៅឡើយ ហើយបើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវហ្វូងនោះអាចបំផ្លាញដំណាំស្រូវក្នុងរយៈពេល២ទៅ៣ថ្ងៃអស់តែម្តង។

ឯកឧត្តមបានបន្ថែមថា បើប្រជាកសិករជួបប្រទះនឹងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។

បើមិនមានការប្រែប្រួលទេ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត បានថ្នាក់ដឹកនាំក្រសួងព្រមទាំងក្រុមការងារក្រសួង រួមទាំងអាជ្ញាធរពាក់ព័ន្ធនៅទូទាំងប្រទេស នៅតែបន្តចុះយ៉ាងសស្រាក់សស្រាំយទៅគ្រប់ទីតាំង ដែលមានការផ្ទុះរាតត្បាតដង្កូវហ្វូងបំផ្លាញ់ដំណាំស្រូវ ដើម្បីធ្វើការណែនាំអំពីរបៀបប្រើប្រាស់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងជូនប្រជាកសិកម្មឱ្យបានជោគជ័យ៕

អត្ថបទទាក់ទង