រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋាន សាងសង់ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» ក្នុងខេត្តពោធិ៍សាត់ ដែលមានតម្លៃប្រមាណជិត៥លានដុល្លារ (Video inside)

  • 14
  • ដោយ Admin
https://youtu.be/Znn7icJ8P3A

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន៍ ក្នុងស្រុកក្រគរ និងប្រកាសបើកការដ្ឋានសាងសង់ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» ដែលមានតម្លៃប្រមាណជិត៥លានដុល្លារសហរដ្ឋអាមេរិក។

ពិធីនេះត្រូវបានធ្វើឡើង នៅទីតាំងការដ្ឋានវាលសម្តេចយស ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមការងារអគ្គិសនីកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម កែវ រតនៈ បានថ្លែងថា ការសម្រេចសាងសង់ពហុកីឡដ្ឋាន នៅវាលសម្តេចយសនេះឡើង គឺដោយបានការគាំទ្រអស់លទ្ធភាព ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីប្រែក្លាយទីកន្លែងមួយនេះ ពីអតីតទីតាំងសមរភូមិសង្គ្រាម ទៅជាពហុកីឡាដ្ឋាន ដែលអាចធ្វើការប្រកួតកីឡាភូមិភាគ និងជាកន្លែងជួបជុំរបស់ប្រជាពលរដ្ឋស្រុកក្រគរ ក៏ដូចជាខេត្តពោធិ៍សាត់ និងតំបន់ភាគ ខាងលិចនៃប្រទេសផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ពីអតីតកាលទីតាំងនេះជាកន្លែងវាលយន្តហោះខ្នាតតូចមួយ ដែលកាលនោះមហាអំណាចជប៉ុនវាយចូលដល់ប្រទេសកម្ពុជា និងយកទីតាំងនេះ ធ្វើជាព្រលានយន្តហោះ ដើម្បីដំណើរការគាំទ្រសង្គ្រាមផ្លូវអាកាស។ នៅពេលសង្គ្រាមបានបញ្ចប់ ទីតាំងនេះបានប្រើប្រាស់ក្នុងការដឹកជញ្ជូនទំនិញ កសិផល ពីខេត្តពោធិ៍សាត់ ទៅភ្នំពេញ នៅសម័យលន់ណុល ដែលផ្លូវជាតិភាគច្រើនកាន់កាប់ដោយខ្មែរក្រហម ពុំអាចដឹកជញ្ជូន និងធ្វើដំណើរឆ្លងកាត់បាន។

ក្រោយថ្ងៃរំដោះ ៧ មករា ទីតាំងនេះបានបញ្ឈប់ការប្រើប្រាស់ ហើយប្រជាពលរដ្ឋមួយចំនួន បានអាស្រ័យផលនៅទីនេះ។ ឯកឧត្តម កែវ រតនៈ បន្តថា នៅឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមផ្ទាល់ បានកំណត់យកទីតាំងនេះជាសម្បត្តិរដ្ឋ ដើម្បីធ្វើការអភិវឌ្ឍន៍ សាងសង់ជាពហុកីឡដ្ឋាន និងត្រូវបានសម្តេចតេជោ ប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ ក្នុងពេលដែលសម្តេចអញ្ជើញជួបកម្មករ-កម្មការិនី រោងចក្រកាត់ដេរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

ឯកឧត្តមបានបន្ថែមថា កិច្ចការដែលយើងត្រូវធ្វើមិនត្រឹមតែពហុកីឡដ្ឋាននេះប៉ុណ្ណោះទេ គឺនៅមានផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ ទីតាំងសាករថយន្តអគ្គិសនីជាដើម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ វិនិយោគិន ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ អាចមានកន្លែងហូបចុក ដើរលេង និងហាត់ប្រាណបានសមរម្យ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលគាំទ្រគោលនយោបាយឈ្នះដាច់ពេញផ្ទៃប្រទេស គឺចង់ឃើញខេត្តពោធិ៍សាត់មានការអភិវឌ្ឍន៍រីកចម្រើន ពិសេសនៅស្រុកក្រគរ ដែលគ្រោងនឹងតម្លើងរោងចក្រទី២ នៃក្រុមហ៊ុន Minebea(ជប៉ុន) នាពេលខាងមុខ ខណៈរោងចក្រដែលកំពុងដំណើរ មានដូចជា៖ រោងចក្របង្គុំ និងតម្លើងរថយន្តFord, រោងចក្រតម្លើងត្រង់ស្វូរ, រោងចក្រកាត់ដេរ និងSolar Farm...។ល។

ពិតណាស់ពហុកីឡដ្ឋាននេះ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនសម្បូរបែប ជាពិសេសដល់យុវជន ដោយស្របតាមការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំកាយ និងកីឡា តាមរយៈការលេងកីឡា និងបំពាក់ឧបករណ៍កីឡា តាមទីសាធារណៈ ដើម្បីបំផុសលើកទឹកចិត្តប្រជាជនឱ្យស្រលាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា ក្រោមម្លប់នៃសន្តិភាព ដូចទិសស្លោក «កីឡានាំមកនូវសន្តិភាព»យើងមានសុខសន្តិភាព ទើបយើងលេងកីឡាបាន។ ឯកឧត្តមក៏សូមស្នើដល់វិស្វករ ធ្វើការវែកទីតាំង១១ចន្លោះ ដើម្បីឱ្យក្រុមប្រឹក្សាឃុំទាំង១១ នៃស្រុកក្រគរ ចូលរួមបំផុសចលនាដាំដើមឈើនៅទីតាំងនេះ ហើយលោកនឹងចូលរួមដាំជាមួយផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ក៏បានផ្តល់ជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមជានិវត្តន៍ជន ក្នុងស្រុកក្រគរ ចំនួន៦៩៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស និងថវិកា៥ម៉ឺនរៀល។

គួរជម្រាបជូនថា គម្រោងសាងសង់ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» ប្រើប្រាស់ថវិកាមូលនិធិសង្គមអគ្គិសនីកម្ពុជា អនុវត្តដោយក្រុមហ៊ុន KIM MEX CONSTRUCTION & INVESTMENT Co., Ltd លើផ្ទៃដីប្រមាណ២៥ហិកតា រួមមាន៖ តារាងបាល់ទាត់ខ្នាតធំ ២តារាង, តារាងបាល់ទាត់ខ្នាតតូច ៣តារាង, តារាងបាល់ទះ ៦កន្លែង, តារាងបាល់បោះ ៣កន្លែង, តារាងវាយសី ៤កន្លែង, Stadiumរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗ ១កន្លែង, កន្លែងក្មេងលេង ១កន្លែង, កន្លែងអង្គុយលេងកំសាន្ត, កន្លែងហាត់ប្រាណ, ប៉ុស្តិ៍ប៉ូលីសយាមសុវត្ថិភាព ១កន្លែង, បន្ទប់ទឹក ៦កន្លែង, បន្ទប់ផ្លាស់ខោអាវ ១កន្លែង, ចំណតរថយន្ត ចំណតម៉ូតូ និងស្រះទឹក ៤កន្លែង៕

អត្ថបទទាក់ទង