រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ជប៉ុនផ្តល់ជំនួយឥតសំណង ក្នុងការសាងសង់ប្រព័ន្ធទឹកស្អាត សហគមន៍រាំងខ្វាវ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ

  • 386
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម KURIBAYASHI Takanori លេខាធិការ នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទឹកស្អាត សហគមន៍រាំងខ្វាវ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ ក្រោមជំនួយឥតសំណង របស់ប្រទេសជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ(KUSANONE) តាមរយៈអង្គការជីវិតថ្លៃថ្នូរ។

ពិធីនេះដែរត្រូវបានធ្វើឡើង នៅទីតាំងសហគមន៍រាំងខ្វាវផ្ទាល់ ដែលស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន, អ្នកសម្របសម្រួលគម្រោងគូសាណូណិ (KUSANONE), នាយកប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់ JELA, នាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរ, ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម KURIBAYASHI Takanori លេខាធិការ នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានថ្លែងថា វិស័យទឹកស្អាត និងអនាម័យ ជាវិស័យអាទិភាពមួយ នៅក្នុងជំនួយអភិវឌ្ឍន៍របស់ជប៉ុន សម្រាប់ប្រទេសកម្ពុជា។ គម្រោងផ្សេងៗជាច្រើន សម្រាប់ការកែលម្អប្រព័ន្ធទឹកស្អាត ត្រូវបានអនុវត្តតាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលជប៉ុន ដែលរួមមានជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឬជំនួយឥតសំណងគូសាណូណិ (KUSANONE) ដែលគាំទ្រដល់ការសាងសង់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅទីនេះ។

ឯកឧត្តមលេខាធិការ នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានបន្តថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យប្រជាជននៅក្នុងភូមិ ទទួលបានទឹកស្អាតប្រើប្រាស់ បានកាន់តែប្រសើរជាងមុន ដែលនឹងជួយកែលម្អ ស្ថានភាពសុខភាពរបស់ពួកគាត់។ ហើយយើងរំពឹងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងត្រូវបានថែរក្សាបានយ៉ាងល្អ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ រួមទាំងសិស្សានុសិស្ស អាចបរិភោគទឹកដែលមានសុវត្ថិភាព និងបង្កើតចំណេះដឹងរបស់ពួកគេអំពីអនាម័យ។ បន្ថែមពីនេះ ឯកឧត្តម KURIBAYASHI Takanori សង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងក្លាយជានិមិត្តរូប នៃចំណងមិត្តភាពរវាងប្រទេស ជប៉ុន-កម្ពុជា និងពង្រឹងទំនាក់ទំនងរបស់ប្រជាជន នៃប្រទេសទាំងពីរបន្ថែមទៀត។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវមោទនភាព និងសប្បាយរីករាយក្រៃលែង  នៅពេលឃើញប្រជាពលរដ្ឋភូមិក្សេត្របូរី ដែលទទួលបានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមួយនេះ សម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍ កាត់បន្ថយពេលវេលាទៅរែកទឹក ដងទឹក និងដឹកទឹកពីឆ្ងាយមកប្រើប្រាស់ ជាពិសេសក្មួយៗសិស្សានុសិស្សចំណេញពេលវេលាក្នុងការសិក្សា ដែលកាលពីមុនពួកគេរវល់ច្រើន ក្នុងការដឹកជញ្ជូនទឹកមកប្រើប្រាស់។ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដែលបានផ្តល់ជំនួយ តាមរយៈអង្គការជីវិតថ្លៃថ្នូរ គាំទ្រដល់ការសាងសង់នូវប្រព័ន្ធទឹកស្អាតជនបទ នៅតំបន់រាំងខ្វាវយើងនេះ ដែលប្រើប្រាស់ថវិកាសាងសង់ ប្រមាណជាង១០ម៉ឺនដុល្លារ។ ជាការពិតណាស់ថា អង្គការជីវិតថ្លៃថ្នូរ គឺជាដៃគូអភិវឌ្ឍន៍ដ៏ល្អ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងអភិវឌ្ឍន៍យ៉ាងច្រើនវិស័យនាពេលកន្លងមក។ ឯកឧត្តមសូមស្នើដល់រដ្ឋបាលស្រុកភ្នំក្រវាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត សូមបន្តផ្តល់នូវការសហការយ៉ាងល្អ ជាមួយអង្គការជីវិតថ្លៃថ្នូរ ក៏ដូចជាដៃអភិវឌ្ឍន៍នានា ដើម្បីទទួលបានសមិទ្ធផល ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្តមសូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលទទួលផលប្រយោជន៍ពីគម្រោងនេះ សូមចូលរួមទាំងអស់គ្នា ក្នុងការថែរក្សានូវសមិទ្ធផលរួម សម្រាប់ជាប្រយោជន៍ដល់ក្រុមគ្រួសារ ព្រមទាំងសហគមន៍របស់យើង និងសូមបង្កើតឱ្យមានគណៈកម្មការគ្រប់គ្រងទឹក ដោយធ្វើការបែងចែកតួនាទីឱ្យបានច្បាស់លាស់ ដោយគោរពតាមលក្ខន្តិកៈ និងតួនាទីរបស់ខ្លួន ជៀសវាងមានទំនាស់ផលប្រយោជន៍ផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់តំណាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា មូលនិធិJELA និងអង្គការជីវិតថ្លៃថ្នូរ ព្រមទាំងបន្តកាត់ខ្សែបូរ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទឹកស្អាត ចាប់ពីពេលនេះតទៅ៕

Ti Amo (ពស)

អត្ថបទទាក់ទង