រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ពលរដ្ឋត្រេកអក ក្រោយផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូDBSTជាច្រើនខ្សែ ក្នុងក្រុងពោធិ៍សាត់ ត្រូវបានស្ថាបនារួចរាល់ និងមួយចំនួនតូចទៀត កំពុងស្ថាបនាបន្ត (Video inside)

  • 232
  • ដោយ Admin

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ ដែលរស់នៅសង្ខាងផ្លូវ និងជាអ្នកប្រើប្រាស់ផ្លូវ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ បានសាទរ និងគាំទ្រយ៉ាងខ្លាំង ក្រោយពីផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូDBSTជាច្រើនខ្សែ ក្នុងក្រុងពោធិ៍សាត់ ត្រូវបានស្ថាបនារួចរាល់ជាស្ថាបពរ និងមួយចំនួនតូចទៀត កំពុងស្ថាបនាបន្ត។

គម្រោងផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូDBSTខាងលើ គឺស្ថិតក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ដែលទទួលបានកញ្ចប់ថវិកា ជាកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន៩,៩៣លានដុល្លារ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលក្នុងនោះរួមមាន «អាងប្រព្រឹត្តកម្មទឹកកខ្វក់, ប្រព័ន្ធលូរំដោះទឹកភ្លៀង, ទំនប់ការពារទឹកជំនន់​,ទីលានចាក់សម្រាម និងការធ្វើឱ្យប្រសើរឡើង ផ្លូវកៅស៊ូ និងផ្លូវបេតុង ក្នុងក្រុងពោធិ៍សាត់»។

បច្ចុប្បន្ននេះទីលានទុកដាក់សម្រាម សម្រេចបាននូវសមិទ្ធផលរួម បាន១០០%ហើយ, ចំពោះអាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូDBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាបពរ ហើយខ្សែផ្លូវមួយចំនួនតូចទៀត គ្រោងនឹងបញ្ចប់ការដ្ឋាន នៅអំឡុងខែមីនា ឆ្នាំ២០២២នេះ។ ទាំងនេះយើងអាចធ្វើទៅបាន គឺដោយសារម្លប់សន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តំណាងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានគិតគូរ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្តេច និងឯកឧត្តម មានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេស ក៏ដូចជាខេត្ត ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងតំណែងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី រយៈពេល៥ខែកន្លងមកនេះ, ឯកឧត្តម ជាវ តាយ បានកែប្រែមុខមាត់ខេត្តពោធិ៍សាត់ តាមរយៈការលាបថ្នាំព័ណ៌ នៅទីតាំងហានិភ័យចរាចរណ៍ និងរៀបចំតបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈ ភ្លើងលម្អចម្រុះព័ណ៌ ក្នុងទីប្រជុំជនក្រុង និងបន្តឈាមដល់ស្រុក ដើមី្បធ្វើឱ្យទីប្រជុំជនក្រុង ស្រុកនោះ មានសោភ័ណភាពកាន់តែស្រស់ត្រកាល ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ពិសេសឈានទៅបង្កើតសេដ្ឋកិច្ច ជូនគ្រួសារប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ជុំវិញការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការរៀបចំចិញ្ចើមផ្លូវ ការប្រមូលទុកដាក់សម្រាបឱ្យបានត្រឹមត្រូវ ដើម្បីសោភណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ខេត្តរបស់យើង៕

Ti Amo (ពស)

អត្ថបទទាក់ទង