រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំ លើករណីស្នើសុំដី របស់ប្រជាពលរដ្ឋ ២០គ្រួសារ ដែលកំពុងកាន់កាប់អាស្រ័យផល លើដីរបស់រដ្ឋ ក្នុងឃុំអូរសោម

  • 601
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត លើករណីស្នើសុំដី របស់ប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដែលកំពុងកាន់កាប់អាស្រ័យផល លើដីរបស់រដ្ឋ ក្នុងឃុំអូរសោម នឹងត្រូវបានមន្ទីរបរិស្ថានខេត្ត កសាងផែនទីធ្វើការដកហូត។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ដោយបានការអញ្ជើញចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានក្នុងសមាសភាព គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងតំណាងប្រជាពលរដ្ឋមកពីឃុំអូរសោមជាច្រើននាក់ទៀត។

សូមបញ្ជាក់ថា ផ្ទៃដីទំហំប្រមាណ ៣៧.៥ហិកតា ដែលស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកាន់កាប់ និងអាស្រ័យផល ពីសំណាក់ប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ក្នុងដែនសម្បទានដីសេដ្ឋកិច្ចទំនប់វ៉ារីអគ្គិសនីផង និងនៅក្នុងដែនគ្រប់គ្រងដោយបរិស្ថានផង។ ក្នុងនាមមន្ទីរជំនាញ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏បានកសាងផែនទីធ្វើការដកហូតដីនោះ មកគ្រប់គ្រង និងទុកជាសម្បត្តិរដ្ឋ ដែលកិច្ចការនេះបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ លើការកាន់កាប់ដី និងអាស្រ័យផល របស់ប្រជាពលរដ្ឋទាំង២០គ្រួសារនោះផងដែរ។

ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឯកឧត្តមបានសម្រេចនឹងបង្កើតគណៈកម្មការមួយ ដើម្បីចុះពិនិត្យជាក់ស្តែង ព្រមទាំងកសាងផែនទីឱ្យបានជាក់លាក់ ដើម្បីប្រជុំពិនិត្យសម្រេច នាពេលក្រោយទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង