រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គ្រួសារអតីតយុទ្ធជន ក្នុងខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ ដែលទើបទទួលបានសម្បទានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល, នាពេលនេះទទួលបានផ្ទះបន្ថែម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ដោយ Adminចំនួនទស្សនា (85)

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងប្រជុំពិភាក្សា ឈូសឆាយស្ថាបនាបើកផ្លូវចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅទីតាំងសម្បទានដីសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ដែលត្រូវប្រគល់ជូន អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្ត ចំនួន៦២៨គ្រួសារ ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

អមដំណើរនាឱកាសនោះ បានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត, លោកប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត, លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អាជ្ញាធរ និងប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក ជាច្រើនផ្សេងទៀត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានថ្លែងឱ្យដឹងថា ទីតាំងសម្បទានដីសង្គមកិច្ចខាងលើនេះ ត្រូវបានចាប់ឆ្នោតប្រគល់ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ក្នុងខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ រួចរាល់ហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ ដោយក្នុងមួយគ្រួសារ ទទួលបានដី (លំនៅដ្ឋាន និងដីកសិកម្ម) ទំហំ៧០×១៥០ម៉ែត្រ។ ឯកឧត្តមបានបន្តថា ការផ្តល់ជូនសម្បទានដីសង្គមកិច្ចខាងលើនេះ គឺជាការមើលឃើញពីពលីកម្មដ៏ធំធេង ពីសំណាក់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត ដែលបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។

ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា ដោយពិនិត្យឃើញពីការលំបាក របស់អតីតយុទ្ធជន និងគ្រួសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ៥០០,០០០$ (ហាសិបម៉ឺនដុល្លារអាមេរិច) សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជន ក្នុងខេត្តពោធិ៍សាត់ ដែលទើបទទួលបានសម្បទានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ហើយការស្ថាបនាផ្ទះគម្រូ ក៏នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខផងដែរ។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ជួសមុខឱ្យអតីតយុទ្ធជន និងគ្រួសារ បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ចំពោះជំនួយ និងការចូលរួមដ៏ថ្លៃថ្លានេះ ដែលជាការរួមចំណែក ដោះស្រាយទុក្ខលំបាករបស់បងប្អូនគ្រួសារអតីតយុទ្ធជន និងបង្ហាញនូវកាយវិការមនុស្សធម៌ ដែលសម្តេច តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានសុខភាពល្អ និងជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចុះពិនិត្យ និងផ្សព្វផ្សាយ ការអនុវត្តន៍វិធានការការពារ ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ព្រមទាំងបន្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ តភ្ជាប់ពីទីប្រជុំជន ឃុំឈើតុំ ស្រុកក្រគរ ឆ្ពោះមកកាន់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលមានប្រវែង១៤គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិការបស់ខេត្តផងដែរ៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by៖ Pursat Administration

កែប្រែចុងក្រោយ : 2 ថ្ងៃមុន