រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អគារផ្នែកសម្ភព និងថែទាំងទារក ដែលមានតម្លៃជាង​១លានដុល្លារ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ជាអំណោយរបស់ប្រជាជនកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកនេះ

  • 773
  • ដោយ Admin

(ពោធិ៍សាត់)៖ អគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប្រើប្រាស់ថវិកាសាងសង់ជាង​១លានដុល្លារ ជាអំណោយរបស់ប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ KOFIH ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ពិធីនេះបានការអញ្ជើញចូលរួមពី ឯកឧត្តម Yun Hyuncheol តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងឯកឧត្តម លោកជំទាវ ជាប្រតិភូក្រសួង, លោក លោកស្រី ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់, លោកគ្រូ អ្នកគ្រូពេទ្យ, ក្រុមយុវជន និងសិស្សានុសិស្សជាច្រើនទៀត។

បន្ទាប់ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងរាយការណ៍ពីសមិទ្ធផលដែលទទួលបាន ចំពោះវិស័យសុខាភិបាលក្នុងខេត្តរួចមក, ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចំពោះព្រះសង្ឃ និងជូនចំពោះលោក លោកស្រី មន្ត្រីរាជការ បុគុ្គលិកសុខាភិបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តពោធិ៍សាត់។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំពុះពារគ្រប់ឧបសគ្គ បង្ការ និងទប់ស្កាត់ឱ្យខាងតែបាន ចំពោះការរីលរាលដាលជំងឺកូវីដ១៩ កុំឱ្យចូលទៅដល់សហគម។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាល ក៏បានខិតខំអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏បានរីកដុះដាល តាំងពីថ្នាក់កណ្តាលដល់ទីប្រជុំជន រហូតដល់ជនបទដាច់ស្រយាល ធ្វើឱ្យប្រជាពលរដ្ឋយើង អាចមកទទួលសេវាសុខាភិបាលនៅគ្រប់ទីកន្លែង។ ជាក់ស្តែងការសម្ភោធដាក់ឱ្យដំណើរការ អគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នេះ គឺជាការគិតគូរមួយទៀត របស់រាជរដ្ឋាភិបាល ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសុវត្ថិភាពរបស់មាតា និងទារក ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា។

ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង ក៏បានកោតសរសើរដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ និងសូមឱ្យបន្តកាយវិការដ៏ល្អប្រពៃនេះ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីរួមចំណែកក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមសាស្ត្រចារ្យ ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រី បុគ្គលិកសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែទាំអគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ថ្មីនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជនគ្រប់ៗរូប។

សូមបញ្ជាក់ថា អគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នេះ ជាអំណោយរបស់ប្រជាជនសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជា តាមរយៈមូលនិធិ KOFIH (Korea Foundation for International Health Care)។ អគារនេះចាប់ផ្តើមសាងសង់ ចាប់ពីថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៨ និងបញ្ចប់កាសាងសង់ នៅខែកញ្ញា ឆ្នាំ២០២០ នៅលើ​ផ្ទៃដី ៣៩x១៦ម៉ែត្រ កម្ពស់០២ជាន់ ដែលចំណាយថវិកា សរុបចំនួន  ,២២៩,៥៣៧.៩៨ដុល្លារអាមេរិក

Ti Amo (ពស)

អត្ថបទទាក់ទង