រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រជុំឆ្លងរបាយការណ៍សកម្មភាព សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅ ឆ្នាំ២០២១

  • 848
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្ត។

កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី លោក ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍សាខា ហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា ក្នុងគណៈកម្មាធិការសាខា ប្រធាន អនុប្រធាន អនុសាខាកាកបាទក្រហម ក្រុង ស្រុក ទាំង៧ ក្រុមការងារ​ប្រតិបត្តិ​ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមខេត្ត ជាច្រើននាក់ទៀត។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរាយការណ៍ ពីលទ្ធផលសកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅបន្តអនុវត្តបន្ត ឆ្នាំ២០២១ ព្រមទាំងសិក្សាពីបញ្ហា​ប្រឈមមួយចំនួន ​ដែលសាខា អនុសាខា បានជួបប្រទះកន្លងមក។

មានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងសកម្មភាពការងារមនុស្សធម៌យ៉ាងផុសផុល រយៈពេលមួយឆ្នាំកន្លងមក ដោយសហការគ្នាបានល្អប្រសើរ រវាងគណៈកម្មាធិការសាខា ជាមួយក្រុមប្រតិបត្តិសាខា និងអាជ្ញាធរមូលដ្ឋាន ទោះបីសមាជិក សមាជិកា ខ្លះមិនបានចូលរួម ដោយសារជាប់រវល់ការងារស្នូលយ៉ាងណាក្តី។

ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើដល់ក្រុមប្រតិបត្តិសាខា អនុសាខា ទាំងអស់ ពេលមានគ្រោះមហន្តរាយ កើតឡើង ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក ដើម្បីដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា៕

Ti Amo (ពស)

អត្ថបទទាក់ទង