រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព ចៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលទទួលមរណភាពដោយរោគាពាធ

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព លោក សៅ ម៉ុង ចៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលទទួលមរណភាព កាលពីវេលាម៉ោង ០៤៖២០នាទីល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ៧២ឆ្នាំ រោគាពាធ។ ពិធីគោរពវិញ្ញាណក្ខន្ធសព ធ្វើឡើងនៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន តាងនាមជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីក្រៀមក្រំ ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ លោក សៅ ម៉ុង ចៅសង្កាត់ផ្ទះព្រៃនាពេលនេះ។

ឯកឧត្តមបានចាត់ទុកថា មរណៈភាពរបស់លោក សៅ ម៉ុង គឺជាការបាត់បង់ថ្នាក់ដឹកនាំសង្កាត់ដ៏ល្អមួយរូប ដែលបានបម្រើប្រជាពលរដ្ឋ ប្រកបដោយសទ្ធាជ្រះថ្លាជ្រាលជ្រៅ ក្នុងការងារមនុស្សធម៌ និងការងារព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារ និងបានអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅបានក្លាយជាពលរដ្ឋល្អ។

ស្ថិតក្នុងស្ថានភាពដ៏ក្រៀមក្រំនេះ ឯកឧត្តមអភិបាលខេត្ត សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទឹសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់លោក សៅ ម៉ុង បានសោយសុខ ក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

នាឱកាសនោះឯកឧត្តម ម៉ៅ ធនិន បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានឧបត្ថម្ភ អង្ករ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន ទុកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង