រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ណែនាំប្រជាកសិករ ជ្រើសរើសពូជស្រូវដែលសុទ្ធល្អ មិនប្រកាន់រដូវ ដើម្បីទទួលបានទិន្នផល និងតម្លៃខ្ពស់ លើទីផ្សារក្នុង និងក្រៅស្រុក (Video inside)

  • 1.1ពាន់
  • ដោយ Admin
https://youtu.be/qYlBPsTBUEM

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានណែនាំដល់ប្រជាកសិករ ត្រូវជ្រើសរើសពូជស្រូវណាដែលសុទ្ធល្អ មិនប្រកាន់រដូវ ចំណាយប្រាក់ដើមតិច ដើម្បីទទួលបានទិន្នផល និងមានតម្លៃខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុង និងក្រៅស្រុក។

ឯកឧត្តមអភិបាលខេត្ត បានណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំមន្ត្រីចុះជួបសំណេះសំណាល និងភួររាស់សាបព្រោះស្រូវ ជូនបងប្អូនប្រជាកសិករ ក្នុងភូមិកំពង់សំបួរ ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

បើតាមលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកដល់សប្តាហ៍ទី២ នៃខែមិថុនា ឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលទូទាំងខេត្តអនុវត្តន៍បានជាង៤១ពាន់ហិកតា ស្មើនឹង៣៦.១៣% លើផែនការជាង១១ម៉ឺនហិកតា។ ដំណាំរួមផ្សំគ្រប់ប្រភេទ សម្រេចបាន២៤៥ហិកតា ស្មើនឹង៦៧.០៥% លើផែនការ៣៩៨ហិកតា ហើយក្រៅពីនោះ នៅមានដំណាំឧស្សាហកម្ម គ្រួសារកសិករ ជាច្រើនដែលបាននឹងកំពុងទទួលផលជាបន្តបន្ទាប់។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ជាទម្លាប់របស់ប្រជាកសិករយើង កន្លងមកតែងតែប្រើប្រាស់ពូជស្រូវ ទៅតាមការយល់ឃើញរៀងៗខ្លួន តែមកដល់សម័យទំនើបនេះ ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្សុទ្ធគ្រាប់ពូជស្រូវជាច្រើនប្រភេទ ដែលពូជទាំងនោះ គឺមិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់ ចំណាយប្រាក់ដើមតិច និងមានតម្លៃខ្ពស់ លើទីផ្សារក្នុង និងក្រៅស្រុក។ ជាក់ស្តែងថ្ងៃនេះ រដ្ឋបាលខេត្តបានយកពូជ ស្រូវសែនក្រអូប មកសាបព្រោះនៅទីនេះ សម្រាប់បើកការធ្វើស្រែដើមរដូវ និងជាគម្រូបង្ហាញឱ្យឃើញពីការពិត ដើម្បីឱ្យកសិករយើង យកទៅប្រើប្រាស់គ្រប់ក្រុមគ្រួសារ ជាប្រយោជន៍បង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ពិតជាមានភ័ព្វសំណាងណាស់ ដោយទទួលបាននូវសមិទ្ធផលជាច្រើន ពីរាជរដ្ឋាភិបាល ដូចជាទំនប់ស្ទាក់ទឹកទី៣ និងទី៥ ដែលទំនប់ទាំង២ មានសមត្ថភាពស្តុកទឹកបានរហូតដល់ជាង ៥១លានម៉ែត្រគូប សម្រាប់ស្រោចស្រពស្រូវ ជូនប្រជាពលរដ្ឋក្នុងរដូវប្រាំង, រួមទាំងប្រព័ន្ធស្រោចស្រពធំៗមួយចំនួនទៀត គឺប្រឡាយមេដំណាក់ឈើក្រម ប្រឡាយមេដំណាក់អំពិល និងប្រឡាយមេចារឹក, ផ្លូវជាតិលេខ៥៥ ជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាតប្រទេសថៃ ក្រៅពីនោះនៅមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ ដែលទាំងនេះ កើតឡើយដោយសារតែប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបានបន្ថែមថា ខេត្តពោធិ៍សាត់មកដល់បច្ចុប្បន្ន ពុំទាន់មានករណីកូវីដ១៩នៅឡើយទេ ដើម្បីរក្សាបាននូវភាពជោគជ័យបន្តទៅទៀតនោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចាំ។ ជាមួយគ្នានោះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវថែររក្សាការពារសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី រួមទាំងប្រតិភូ ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមប្រមាណ ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សាងរុង១ និងក្រមា១ ព្រមទាំងបន្តភ្ជួរ រាស់ និងសាបព្រោះស្រូវ សម្រាប់បើកធ្វើស្រែដើមរដូវផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង