រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ប្រើប្រាស់ពេលវេលាជាង៧ម៉ោង បន្តដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបាន ៦៧ករណី (Video inside)

  • 1.9ពាន់
  • ដោយ Admin
https://youtu.be/GlBCLHlJZN4

(ពោធិ៍សាត់)៖ «សមាជប្រជាជន» ជាកម្មវិធីមួយបានបង្កើតឡើង ក្នុងសម័យសង្គមរាស្ត្រនិយម ដើម្បីជាការជួបជុំដោយផ្ទាល់ រវាងព្រះមហាវីរក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងប្រជាពលរដ្ឋ ដើម្បីបានស្តាប់រាល់បញ្ហារបស់ប្រជាពលរដ្ឋ និងដាក់ចេញនូវវិធានការដោះស្រាយ។

ដូចសព្វមួយដង រៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ ជាក់ស្តែងនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រើប្រាស់យន្តការនេះ ដើម្បីជួបផ្ទាល់រវាងថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី ជាមួយនឹងប្រជាពលរដ្ឋ បានស្តាប់ និងដោះស្រាយបញ្ហាជុំគ្នា រហូតទៅដល់៦៧ករណី ដោយទទួលយកទាំងអស់គ្នា គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា។

កិច្ចដំណោះស្រាយនេះ ធ្វើឡើងនៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ទីរជំនាញ ការិយាល័យចំណុះសាលាខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន នានិច្ចជាកាល គឺស្របទៅតាមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំងសង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។ ក្នុងយន្តការដឹកនាំខេត្តបានជាង៦ឆ្នាំមកនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថាបងប្អូនដែលមកពឹងពាក់ និងឱ្យជួយដោះស្រាយនោះ គឺប្រៀបបានដូចជាឱពុក ជាម្តាយ ជាបង ជាប្អូន ក្នុងមហាគ្រួសារតែមួយ ដោយមិនធ្វើឱ្យពួកគាត់មានការថ្នាំងថ្នាក់នោះឡើយ។

លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្ថែមថា សម្រាប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ និង៤៥នាទីព្រឹក រហូតដល់ម៉ោង ៣ និង០០នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកើតមាន បាន៦៧ករណី ដែលភាគច្រើនត្រូវបានដោះស្រាយបញ្ចប់ និងមួយចំនួនទៀតត្រូវបានបន្តដោះស្រាយនៅពេលក្រោយ។ ក្នុងកិច្ចដំណោះស្រាយនោះ ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានទទួលទានមីកញ្ចប់ ពោតស្ងោរ ទឹកក្រូច និងទឹកបរិសុទ្ធ ដើម្បីជាអាហារសម្រន់បន្តរងចាំដោះស្រាយ ទៅតាមសំណុំរឿងនីមួយៗផងដែរ។

គួរបញ្ជាក់ថា ពេលខ្លះសំណុំរឿងដែលដោះស្រាយនៅសាលាខេត្តមិនទាន់ចប់ ឯកឧត្តម ម៉ៅ ធនិន បានចារលិខិតនោះ ទម្លាក់ទៅអាជ្ញាធរស្រុកក្រុង ដើម្បីធ្វើការដោះស្រាយ។ ក្នុងរយៈពេល៧ថ្ងៃ ប្រសិនបើស្រុកក្រុងនោះដោះស្រាយមិនចេញ អាជ្ញាធរនៃស្រុកក្រុងនោះត្រូវធ្វើរបាយការណ៍ឡើងមកខេត្ត ដើម្បីឱ្យឯកឧត្តម ដឹកនាំមន្ទីរពាក់ព័ន្ធ ចុះទៅដោះស្រាយនៅទីតាំងជម្លោះផ្ទាល់តែម្ដង៕

Ti Amo (ពស)

ភាគទី១

https://www.facebook.com/KhanSovanLive/videos/689775615144601/

ភាគទី២

https://www.facebook.com/KhanSovanLive/videos/3307799825906077/

អត្ថបទទាក់ទង