រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្ងៃនេះ! អភិបាលខេត្តពោធិ៍សាត់ បានស្រាយបញ្ហា ជូនប្រជាពលរដ្ឋ បានចំនួន៥៦ករណី (Video inside)

  • 757
  • ដោយ Admin
https://youtu.be/lC4BSymoy0k

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានចំនួន៥៦ករណី ដែលភាគច្រើនបញ្ហាដីធ្លី និងស្នើសុំការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

យន្នការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនាពេលនេះ ធ្វើឡើងនៅវេទិកាសាលាខេត្ត ដោយបានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីមន្ទីរជំនាញ ការិយាល័យចំណុះសាលាខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាម លោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានថ្លែងឱ្យដឹង ឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល និងដោះស្រាយទុក្ខកង្វល់ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ មកពីបណ្តាស្រុក ក្រុង ចំនួន២លើក ក្នុងមួយសប្តាហ៍។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការនាពេលនេះ តែងតែទទួលបានលទ្ធផលគ្រប់ភាគី គឺគ្មានអ្នកចាញ់ មានតែឈ្នះទាំងអស់គ្នា។ លោកប្រធានការិយាល័យប្រជាពលរដ្ឋបន្ថែមថា ក្នុងយន្តការដឹកនាំខេត្តបានជាង៦ឆ្នាំមកនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថាបងប្អូនដែលមកពឹងពាក់ និងឱ្យជួយដោះស្រាយនោះ គឺប្រៀបបានដូចជាឱពុក ជាម្តាយ ជាបង ជាប្អូន ក្នុងមហាគ្រួសារតែមួយ ហើយឯកឧត្តមមិនធ្វើអ្វីដែលនាំឱ្យពួកគាត់មានការថ្នាំងថ្នាក់នោះឡើយ។ លោក

លោក គឹម ចន្ថា បានបន្ថែមទៀតថា សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ២និង៣៨នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកើតមាន បានចំនួន៥៦ករណី រួចរាល់ជាស្ថាពរ ក្នុងនោះពាក់ព័ន្ធទៅនឹងព្រះសង្ឃ២ករណី, ទំនាស់ដីធ្លី១៨ករណី, គ្រោះថ្នាក់ចរាចរណ៍២ករណី, បញ្ហាឆបោក៣ករណី, គ្រឿងញៀន៨ករណី, ឃាតកម្ម១ករណី, បញ្ហាតុលាការចេញដីកាឱ្យចូលខ្លួន៥ករណី, បញ្ហាជំពាក់ថវិកាស្ថាប័នមីក្រូហិរញ្ញវត្ថុ២ករណី និងដោះស្រាយស្បៀង ព្រមទាំងថវិកា១៥ករណី។

នៅក្នុងយន្នការដោះប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ មានតម្លាភាព និងយុត្តិធម៌របស់ឯកឧត្តម ម៉ៅ ធនិន នាពេលនេះក៏ដូចជារយៈពេលកន្លងមក ទាំងដើមចោទ ទាំងចុងចោទ និងទាំងគូភាគីសង្ខាង បានអបអរសាទរ និងទទួលស្វាគមន៍វត្តមានដ៏កក់ក្តៅរបស់ឯកឧត្តមគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារទូរទស្សន៍ជាតិកម្ពុជា «ទទក» ជុំវិញស្ថានភាពការងារបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ និងសក្តានុពលអភិវឌ្ឍន៍ នៅក្នុងខេត្ត ព្រមទាំងបានជួយដោះស្រាយ ជាថវិកា ស្បៀង ជូនប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរាគ្មានទីពឹង ដែលកំពុងរងផលប៉ះពាល់ជំងឺរាតត្បាតកូវីដ១៩ បានជាង៥០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ១០គីឡូក្រាមផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង