រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ថ្លែងកោតសរសើរដល់ប្រជាកសិករភូមិអូររំចេក និងភូមិបឹងប្រិយ ស្រុកបាកាន ដែលខិតខំដាំបន្លែសុវត្ថិភាព ទប់ទល់នឹងស្ថានភាពកូវីដ១៩ (Video inside)

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានថ្លែងកោតសរសើរ ដល់បងប្អូនប្រជាកសិករ ក្នុងភូមិអូររំចេក និងភូមិបឹងប្រិយ ដែលជាភូមិគម្រូ ខិតខំឧស្សាព្យយាមដាំដុះបន្លែសុវត្ថិភាពគ្រប់ក្រុមគ្រួសារ ទប់ទល់នឹងស្ថានភាពកូវីដ១៩ នាពេលបច្ចុប្បន្ន។ ជាកាដូឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង និងតម្រូវការជាក់ស្តែងនោះ ឯកឧត្តមអភិបាលខេត្ត បានសម្រេចផ្តល់ជូនស្ពានដែកបាឡេមួយកន្លែង  ដើម្បីសម្រួលការដឹកជញ្ជូនកសិផល និងការធ្វើដំណើរឆ្លងកាត់។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យការងារបង្កបង្កើនផលដំណាំសរីរាង្គ នៅសហគមន៍បន្លែសុវត្ថិភាព ភូមិអូររំចេក និងភូមិបឹងប្រិយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិថ្នាក់កណ្តាល និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោយពីទទួលបាននូវ «គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹងទន្លេសាប» មន្ទីរចាត់តាំងមន្ត្រីជំនាញ បានចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយជូនប្រជាកសិករ ក្នុងភូមិ-ឃុំគោលដៅ អំពីបច្ចេកទេសដាំដំណាំបន្លែសុវត្ថិភាព។ ជាក់ស្តែងចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ យើងបានចងក្រងសហគមន៍ដាំបន្លែ នៅស្រុកកណ្តៀង និងស្រុកបាកាន មាន៣ឃុំ ៥ភូមិ និងមានសមាជិក៩១នាក់ ដែលមានផ្ទៃដីសម្រាប់ដាំដុះជាង២២ហិកតា។ លោកប្រធានមន្ទីរបន្ថែមថា នៅគ្រប់រដូវកាលប្រជាកសិករទាំង២ភូមិ ក៏ដូចបណ្តាភូមិគោលដៅផ្សេងទៀត និយមដាំបន្លែបង្កា ពោត និងខ្លះទៀតនិយមដាំផ្កាចន្ធូជាដើម។ លោកបានលើកឡើងថា មន្ទីរកសិកម្មខេត្ត មានសកម្មភាពចម្បងៗ ជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងសមត្ថភាពដោះស្រាយការដាំដុះចម្រុះ រយៈពេលខ្លី មានគ្រាប់ផ្ទី ត្រគួន ស្ពៃ ត្រសក់ សណ្តែកគួរ និងគ្រាប់ពូជផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ មន្ទីរបានបន្តការខិតខំ ស្វែងរកទីផ្សារសម្រាប់លក់ផលិតផលជូនបងប្អូនប្រជាកសិករ ដើម្បីកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ ពីក្រៅប្រទេស។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិអូររំចេក និងភូមិបឹងប្រិយ ឃុំត្រពាំងជង ស្រុកបាកាន ដែលជាភូមិគម្រូ ព្រោះថាស្ទើរតែគ្រប់គ្រួសារ បានខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាម អនុវត្តទៅតាមគោលការណ៍ណែនាំ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឱ្យប្រជាពលរដ្ឋមានដីនៅសល់ទំនេរ ត្រូវតែដាំដំណាំបន្លែបង្ការ មានគុណភាព និងសុវត្ថិភាព ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ នៅក្នុងដំណាក់កាលទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។ កាលណាប្រជាពលរដ្ឋយើង មានការយល់ដឹង និងរួមគ្នាដាំបន្លែបង្កាសុវត្ថិភាពបានកាន់តែច្រើន នោះនឹងធ្វើឱ្យជីវភាពក្នុងគ្រួសារ និងសហគមន៍កាន់តែធូរធារ ហើយការនាំចូលបន្លែពីក្រៅប្រទេស នឹងត្រូវកាត់បន្ថយបាន។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋ តាមបណ្តាភូមិ-ឃុំផ្សេងៗ គប្បីសិក្សារៀនសូត្រ ទទួលយកនូវបទពិសោធន៍ និងបច្ចេកទេស នៅក្នុងភូមិនេះ យកទៅអនុវត្តបន្ត។

ដោយពិនិត្យឃើញតម្រូវការជាក់ស្តែង ឯកឧត្តម ម៉ៅ ធនិន បានសម្រចផ្តល់ជូនស្ពានដែកបាឡេមួយកន្លែង ប្រវែង ៦x១៥ម៉េត្រ ឆ្លងកាត់ភូមិអូររំចេក និងភូមិបឹងប្រិយ ដើម្បីសម្រួលការដឹកជញ្ជូនកសិផល និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនពុកម៉ែប្រជាពលរដ្ឋផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង