រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ នាំយកស្បៀង និងគ្រាប់ពូជបន្លែសរីរាង្គ ចែកជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងក្រុងពោធិ៍សាត់ ជាការឆ្លើយតបតាមអនុសាស៍ របស់សម្តេចតេជោ (Video inside)

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកស្បៀង និងគ្រាប់ពូជបន្លែសរីរាង្គ ចែកជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិដង្គារ ភូមិអូរស្តៅ ភូមិត្នោតទ្រេត និងភូមិគក ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចំនួន២១០គ្រួសារ  ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ១០គីឡូក្រាម, គ្រាប់ត្រគួន០១កញ្ចប់, គ្រាប់ម្រះ០១កញ្ចប់ និងជីធម្មជាតិ០១ការុង ដើម្បីបន្តការដាំដុះ បង្កើនជីវភាពគ្រួសារ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណផ្ទះប្រជាសហគមន៍ភូមិគក ដោយបានការអញ្ជើញចូលពីក្រុមបឹ្រក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង សង្កាត់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមយុវជនជាច្រើនផ្សេងទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ដាច់ស្បៀងនោះឡើយ។ ឯកឧត្តមបន្ថែមថា ក្រុមការងារគ្រប់ជាន់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់ បានរៀបចំនូវយន្តការ បន្លែសរីរាង្គក្នុងខេត្តនេះឡើង គឺដើម្បីឆ្លើយតបតាមអនុសាសន៍ របស់សម្តេចតេជោ ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មកសិកម្ម រួមមានការចិញ្ចឹមសត្វ ផលិតស្រូវ និងដំណាំរួមផ្សំ សម្រាប់ឆ្លើយតបតាមតម្រូវការក្នុងស្រុក ក្នុងកាលៈទេសៈដែលប្រទេសជាតិ ទទួលរងនូវហានិភ័យពីជំងឺរាតត្បាតកូវីដ១៩។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ការប្រើប្រាស់ជីធម្មជាតិតាមទំនៀមទម្លាប់ដូនតាយើង ទៅលើដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ពិតជាទទួលបានទិន្នផលខ្ពស់ និងតម្លៃថ្លៃក្នុងទីផ្សារ ជាងការប្រើប្រាស់ជីគីមី។ ឯកឧត្តមមានសង្ឃឹមជឿជាក់ថា គ្រាប់ពូជបន្លែសរីរាង្គដែលបានចែកជូននេះ បងប្អូនប្រជាពលរដ្ឋនឹងយកទៅដាំដុះ ដោយប្រើប្រាស់ជីធម្មជាតិ ដើម្បីបង្កើនជីវភាពគ្រួសារ និងហូបទទួលទានប្រកបដោយសុខភាពល្អទាំងអស់គ្នា។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានប្រកាសផ្តល់លទ្ធភាព ស្តារផ្លូវទឹកធម្មជាតិ «បឹង អូរ ប្រឡាយ ឬស្ទឹង» ដើម្បីយកដី ឬទឹក មកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ ជៀសវាងទុកឱ្យនៅកកស្ទះចោល។

សូមជម្រាបថា បើទោះបីជាកម្ពុជាមិនមានអ្នកឆ្លងថ្មី ហើយការព្យាបាលបានជាច្រើននាក់យ៉ាងណាក្តី, និយាយជារួម និងនិយាយដោយឡែកនៅខេត្តពោធិ៍សាត់ ពុំទាន់មានករណីកូវីដ១៩នេះនៅឡើយ តែឯកឧត្តម ម៉ៅ ធនិន រួមទាំងក្រុមការងារ នៅតែបន្តផ្សព្វផ្សាយ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នខ្ពស់ ដោយរួមគ្នាទប់ស្កាត់ និងបង្ការកុំឱ្យឆ្លងជំងឺនេះ ជាមួយនឹងការថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល បើមានករណីសង្ស័យ ឬមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺកូវីដ១៩ ត្រូវទៅមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជាបន្ទាន់ ឬទូរស័ព្ទទៅកាន់លេខ ១១៥៕

Ti Amo (ពស)

អត្ថបទទាក់ទង