រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ជនចាស់ជរាគ្មានទីពឹង និងគ្រួសារពលរដ្ឋជួបការលំបាកខ្លាំង ចំនួន៣៤គ្រួសារ ក្នុងស្រុកវាលវែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ (Video inside)

  • 964
  • ដោយ Admin
https://youtu.be/2UZzI3bjTOI

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនជនចាស់ជរាគ្មានទីពឹង និងគ្រួសារពលរដ្ឋជួបការលំបាកខ្លាំង ចំនួន៣៤គ្រួសារ ក្នុងភូមិច្រកព្រាល ភូមិដំណាក់កន្សែង ភូមិត្រពងពង្ស និងភូមិដូងឃ្នៀស ឃុំប្រម៉ោយ ស្រុកវាលវែង ខណៈដែលពួកគាត់កំពុងរងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)។

https://www.facebook.com/pursatprovincialhall855/videos/2688556038100832/

ឯកឧត្តម ម៉ៅ ធនិន បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ អត់ស្បៀងអាហារស្លាប់នោះទេ ត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា «ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ឯកឧត្តមបានបន្ថែមថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយៈពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗ ត្រូវផ្តល់ដំណឹងមកមេភូមិ មេឃុំ ឬអាជ្ញាធរស្រុក ជាពិសេសលេខទូរស័ព្ទទាំង២ប្រព័ន្ធរបស់ឯកឧត្តមមានស្រាប់ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះទេ។ ម្យ៉ាងវិញទៀតការនាំយកអំណោយចែកជូន ជនចាស់ជរាគ្មានទីពឹង និងគ្រួសារពលរដ្ឋជួបការលំបាកខ្លាំងនាពេលនេះ ដោយមិនប្រកាន់វណ្ណៈ ជាតិ សាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌នៃការចែករំលែក។

ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) ដោយលាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ ជា​មួយ​សាប៊ូ​ និង​ទឹក​ស្អាត​ ទឹក​អាល់​កុលលាង​ដៃ​ ឬជែល​ ខ្ទប់​មាត់​ និង​ច្រមុះ​នៅ​ពេល​ក្អក​ ឬកណ្តាស់ ដោយ​ប្រើ​កែង​ដៃ ​ឬ​ក្រដាស​អនាម័យ​ រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ។​ ចៀសវាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្តៅ​ ក្អក​ ឬផ្តាសាយ ចៀសវាង​ប៉ះពាល់​ភ្នែក​ ច្រមុះ​ ឬមាត់ ត្រូវបរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​ និងស្វាគមន៍គ្នា​ដោយ​សំពះ​ ជំនួស​ការ​ចាប់​ដៃ​។

អំណោយមនុស្សធម៌ ផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ និងថវិកា២ម៉ឺនរៀល៕

Ti Amo (ពស)

អត្ថបទទាក់ទង