រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន ប្រកាសបន្តចិញ្ចឹមលោកយាយអាយុជិត១០០ឆ្នាំ ដែលប្រកបរបរធ្វើអំបោសលក់ រហូតដល់គាត់អស់បុណ្យ (Video inside)

  • 1.4ពាន់
  • ដោយ Admin
https://youtu.be/FQHTTlx3bAg

(ពោធិ៍សាត់)៖ ​ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបន្តការចិញ្ចឹមលោកយាយ សោម ស៊ុន ហៅយាយកក អាយុ៩៩ឆ្នាំ រស់នៅភូមិកោះអណ្តែត ឃុំត្រពាំងជង ស្រុកបាកាន រហូតដល់គាត់អស់បុណ្យពីជាតិនេះ ដោយមិនឱ្យគាត់លំបាកវេទនា ប្រកបរបរធ្វើអំបោសលក់នោះទៀតឡើយ។

ឯកឧត្តម ម៉ៅ ធនិន បានប្រកាសបែបនេះ ក្នុងឱកាសចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនលោកយាយដល់លំនៅឋាន រួមមានអង្ករ១០០គីឡូក្រាម មី២កេស ទឹកក្រូច២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ក្បាក់២ ឃីត២កញ្ចប់ និងថវិកា១លានរៀល។ ពិធីនេះបានការចូលរួមពីលោកខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការ, លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងអាជ្ញាធរ ស្រុក ឃុំ និងភូមិ ជាច្រើនរូបទៀត។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងនូវការកោតសរសើរ ចំពោះលោកយាយ សោម ស៊ុន ហៅយាយកក រហូតមកដល់ពេលនេះមានអាយុ៩៩ឆ្នាំទៅហើយ នៅតែមានសុខភាពមាំមួនល្អ នេះដោយសារគាត់ឧស្សាហ៍ព្យាយាម តស៊ូ ធ្វើពលកម្មច្រើន ដូចជាធ្វើអំបោសអំពីជក់ដូង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ មិនដែលទំនេរឡើយ។ ដោយមើលឃើញពីការខិតខំតស៊ូឧស្សាហ៍ព្យាយាមគ្រប់បែបយ៉ាង របស់លោកយាយកក ទើបឯកឧត្តមមានក្តីអាណិតអាសូរ ដោយបានសន្យាថា បន្តជួយផ្គត់ផ្គង់ និងចិញ្ចឹមជារៀងរហូត លុះត្រាតែគាត់អស់បុណ្យទើបឈប់ ហើយកិច្ចការទាំងអស់នេះ អាជ្ញាធរមូលដ្ឋាន ត្រូវតែមើលការខុសត្រូវឱ្យបានច្បាស់លាស់ត្រឹមត្រូវ។ ឯកឧត្តមបានជម្រាបជូនថា ផ្តើមចេញពីទឹកចិត្តសម្បុរសធម៌ និងគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីម៉េម៉ាយមានកូនច្រើននោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែចាត់ក្រុមការងារថ្នាក់ខេត្ត ស្រុក ក្រុង នាំយកនូវស្បៀង និងសម្ភារៈ ចុះចែកជូនដល់ខ្នងផ្ទះ ជាក់ស្តែងដូចជាក្នុងអំឡុង នៃការរីករាលដាលជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវបំផុត តែក្នុងមួយប៉ព្រឹកភ្នែកប៉ុណ្ណោះ វាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័ស នាពេលនេះរដ្ឋបាលខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារគ្រប់ផ្នែក គ្រប់ថ្នាក់ បាននាំយកស្បៀង និងសម្ភារ ទៅចែកជូនគ្រប់ទីកន្លែង គឺមិនឱ្យប្រជាពលរដ្ឋយើងណាម្នាក់ ស្លាប់ដោយសារអត់បាយនោះឡើយ។

តាមរយៈនេះ ក្នុងនាមអាជ្ញាធរខេត្តពោធិ៍សាត់ ឯកឧត្តមសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់បង្ការ ការពារខ្លួន ដោយយកជាប់ជាមួយនូវម៉ាស ទឹកអាកុល ដុសលាងសម្អាតជាប្រចាំ យើងទាំងអស់គ្នាត្រូវចងចាំ កុំមើលស្រាល កុំធ្វេសប្រហែស និងត្រូវចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ដោយអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណាឱ្យសហគមន៍យើង គ្មានមេរោគកូវីដ១៩៕

Ti Amo (ពស)

អត្ថបទទាក់ទង