រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការកំណត់ការធ្វើដំណើររវាងខេត្តនិងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ (Video inside)

  • 991
  • ដោយ Admin
https://youtu.be/BxzMHoGDw7I

(ពោធិ៍សាត់)៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការកំណត់លើការធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

នៅក្នុងឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ នៅចំពោះមុខកងកម្លាំងគ្រប់គោលដៅ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់នាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ (Covid-19)។

ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ២បេធំ, ត្រីខ៥យួរ, ទឹកត្រី និងទឹកស៊ីអ៊ីវ៥យួរ, មី៦កេស, ទឹកក្រូច១៥កេស, ទឹកសុទ្ធ១៥យួរ, ម៉ាស់២ពាន់ម៉ាស់ និងថវិកា២លានរៀល សម្រាប់ដោះស្រាយការខ្វះខាតផងដែរ

សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ បានដាក់គោលដៅចំនួន៧សំខាន់ៗ សម្រាប់ត្រួតពិនិត្យ រួមមាន៖

*១- ស្រុកបាកាន ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
*២- ស្រុកក្រគរ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តកំពង់ឆ្នាំង
*៣- ស្រុកវាលវែង ០៣គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង និងខេត្តកោះកុង
*៤- ស្រុកតាលោសែនជ័យ ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង។

គ្រប់គោលដៅទាំងអស់ យើងបានប្រើប្រាស់កម្លាំងនគរបាលសរុប ចំនួន៤៦នាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ២១នាក់ ចំពោះសភាការណ៍គឺមានលក្ខណៈល្អប្រសើរ ពុំមានអ្វីកើតឡើងគួរឱ្យគត់សម្គាល់ឡើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង