រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់បានប្រើប្រាស់អង្ករជាង ១០តោន និងសម្ភារៈមួយធំ ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង នៅតាមខ្នងផ្ទះ ក្នុងពេលជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្នុងអំឡុងពេល២៣ថ្ងៃកន្លងមក គិតចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០, អង្ករជាង ១០តោន រួមទាំងគ្រាប់ពូជបន្លែកសិកម្ម ស្បៀង និងសម្ភារៈមួយចំនួនធំ ត្រូវបានក្រុមការងារ ដែលដឹកនាំដោយឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រោមកិច្ចចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះចែកជូន ដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត ក្នុងក្រុងពោធិ៍សាត់ ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈ បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)។

ឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី បានលើកឡើងថា នៅប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះក៏ពិតមែន ក៏ប៉ុន្តែសម្រាប់ខេត្តពោធិ៍សាត់ រហូតមកដល់ពេលនេះ នៅពុំទាន់មានករណីនេះនៅឡើយទេ។ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសរាប់ពាន់នាក់ បានវិលត្រឡប់មកស្រុកកំណើត ដោយមិនបានដឹងថា ក្នុងចំណោមមនុស្សទាំងអស់នោះ មានអ្នកផ្ទុកជំងឺកូវីដ១៩ ឬអត់។ ដើម្បីទប់ស្កាត់កុំឱ្យមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះ ដែលមានផ្ទុកជំងឺនេះ ឱ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តពោធិ៍សាត់ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ ក្រុមយុវជន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់ជំងឺនេះទាំងអស់គ្នា។

ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង សម្រាប់ទុកប្រជាពលរដ្ឋ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មានចំនួន២ទីតាំង រួមមាន៖ មណ្ឌលសុខភាពកណ្តៀង ក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ លើ២បន្ទប់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ចំនួន៩០គ្រែ លើ៩បន្ទប់ ក្នុងនោះមានគ្រូពេទ្យជំនាញពិនិត្យសំណាក ចំនួន១៦នាក់ គ្រូពេទ្យពិនិត្យជំងឺទូទៅ ចំនួន៦៥នាក់ និងឡានពេទ្យ ចំនួន៥គ្រឿង។

ថ្នាក់ដឹកនាំទាំង២ បានបន្តថា ដោយបានការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងកង្វះខាតស្បៀង របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយពលករ ដែលទើបមកពីក្រៅប្រទេស ក្នុងគ្រាដែលកម្ពុជា កំពុងជួបបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានចាត់ឱ្យក្រុមការងារ ចុះនាំយកអំណោយ ជាអង្ករ គ្រាប់ពូជបន្លែកសិកម្ម និងសម្ភារៈមួយចំនួនធំ  មកផ្តល់ជូននៅតាមខ្នងផ្ទះ ប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ បានជាង១ពាន់គ្រួសារ។

ឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី បានជម្រាបជូនថា អំណោយទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលការលំបាកបានមួយកំរិតផងដែរ។ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងសាបព្រោះគ្រាប់ពូជដំណាំដែលបានចែកជូន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់ ឬប្រើប្រាស់ក្រមានៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប់ជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩៕

Ti Amo (ពស)

អត្ថបទទាក់ទង