រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់រលំផ្ទះ ចំនួន៦៤គ្រួសារ នៅស្រុកបាកាន និងស្រុកតាលោសែនជ័យ ទទួលអំ​ណោយ​មនុស្ស​ធម៌ ពីសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ (Video inside)

  • 1.4ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ ចំនួន៦៤គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះ និងរបើកដំបូលស័ង្កសី ក្នុងឃុំខ្នារទទឹង ឃុំរំលេច ស្រុកបាកាន និងឃុំតាលោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ, ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោក ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ នាំយកអំណោយ​មនុស្ស​ធម៌សង្គ្រោះបន្ទាន់ ទៅផ្តល់ជូន នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។

https://www.facebook.com/pursatprovincialhall855/videos/2671156796507423/

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរ ឃុំ ស្រុក អំពីករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកដំបូល កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០រួចមក ឯកឧត្តមបានណែនាំដល់ លោក ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍ និងក្រុមការងារសាខាកាកបាទក្រហមខេត្ត រៀបចំជាអំណោយមកសង្គ្រោះជាបន្ទាន់។ ឯកឧត្តមបានសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្រ្តាក់នេះ។ ឯកឧត្តមបន្ថែមថា នេះជាភារកិច្ច របស់អាជ្ញាធរដែនដី ពិសេសក្នុងនាមជាកាកបាទក្រហម ដែលជាអង្គភាពមនុស្សធម៌ តែងមានភារកិច្ច ចុះជួយដោះស្រាយទុក្ខលំបាក របស់បងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឯកឧត្តមបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ នៅកណ្ដោចកណ្ដែង និងស្លាប់ដោយអត់អាហារ ឬគ្មានទីជម្រកនោះឡើយ។ ទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី វាមិនអាចសងទៅ នឹងការខូចខាត ការខ្វះខាតរបស់បងប្អូនដែលរងគ្រោះក៏ពិតមែន តែនេះជាស្មារតីយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និងសម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយធ្វើការណែនាំបន្ថែម ក្រៅពីការអប់រំធ្វើអនាម័យជាប្រចាំ ការជួបជុំមិនចាំបាច់ ត្រូវបានហាមឃាត់ ហើយក្នុងករណីសង្ស័យ ត្រូវបញ្ជូនពួកគេទៅមណ្ឌលសុខភាព អ្វីដែលសំខាន់ គឺត្រូវយល់ដឹងអំពីការដាក់ខ្លួន ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីចៀសវាងការចម្លងដល់គ្រួសារ និងរីករាលដាលក្នុងសហគមន៍។

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនទាំង៦៤គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះ និងរបើកដំបូលស័ង្កសី ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, តង់ខៀវ១, កន្ទេល១, មុង១, ភួយ១, សារុង១, ក្រមា១ និងថវិកា៥ម៉ឺនរៀល ដោយឡែកគ្រួសាររលំផ្ទះ និងប៉ើងដំបូលទាំងស្រុង ទទួលបានស័ង្កសី៤០សន្លឹក។ បន្ថែមពីនោះឯកឧត្តម ម៉ៅ ធនិន បាននាំយកអំណោយ ទៅចែកជូនដល់ជនចាស់ជរាគ្មានទីពឹង ចំនួន១០នាក់ រស់នៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ជាសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានបន្តចុះពិនិត្យការដ្ឋានសាងសង់អគាសិក្សាមួយខ្នង មាន៥បន្ទប់ រួមទាំងរបង ក្លោងទ្វា និងផ្លូវប៉េតុង ក្នុងសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យតាលោ ស្រុកតាលោសែនជ័យ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម និងលោកជំទាវ ហ៊ុន ចាន់ធី ព្រមទាំងបានពិនិត្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងនោះផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង