រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តពោធិ៍សាត់ ផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ខណៈដែលខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះនៅឡើយទេ (Video inside)

ដោយ Adminចំនួនទស្សនា (315)

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក ខណៈដែលខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះនៅឡើយ។

ពិធីនេះត្រូវបានធ្វើឡើងនៅវេទិកាសំណេះសំណាល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ ក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រធានមណ្ឌលសុខភាព ត្រូវបន្តចុះអប់រំ និងផ្សព្វផ្សាយជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យឱ្យបានញឹកញាប់ កុំមានការប្រមូលផ្ដុំ ពេលចេញក្រៅត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងវិធានការបង្ការនៃការឆ្លងវីរុសកូវីដ១៩នេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងបងប្អូនពលករ ដែលទើបត្រលប់មកពីប្រទេសថៃ ឬបណ្តាប្រទេសនានា ជាពិសេសជនអន្តោប្រវេសន៍ សូមអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវកំណត់ស្ថិតិ អត្តសញ្ញាណឱ្យបានច្បាស់ និងផ្សព្វផ្សាយ ណែនាំដល់ពួកគាត់ រស់នៅដាច់ដោយឡែកជាលក្ខណៈបុគ្គល រយៈពេល១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល បើមានករណីសង្ស័យ ឬមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺកូវីដ១៩ ត្រូវនាំគាត់ទៅមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជាបន្ទាន់ ឬទូរស័ព្ទទៅលេខ១១៥។

ឯកឧត្តមបានលើកឡើងថា នៅទូទាំងប្រទេស ៧៥% មានការឆ្លងរីករាលដាល និង២៥%ទៀត ពុំទាន់មានការឆ្លងរីករាលដាល ក្នុងនោះមានខេត្តពោធិ៍សាត់របស់យើងដែរ ដូច្នេះទាមទារឱ្យបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ឬជំងឺឆ្លងផ្សេងៗ ព្រមទាំងថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ប្រចាំថ្ងៃ ដោយចងចាំពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់បានត្រៀមរួចរាល់ ទីតាំងសម្រាប់ទុកអ្នកជំងឺ COVID-19 ជាពិសសប្រជាពលរដ្ឋទើបមកពីក្រៅប្រទេស ដែលតម្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងភូមិស្នាមព្រះ ស្រុកបាកាន ចំនួន៩០គ្រែ សរុប១១០គ្រែ។

ឯកឧត្តមបានថ្លែងបន្តថា ជំងឺកូវីដ១៩ គឺជាជំងឺឆ្លងដ៏កាចសាហាវ ក៏ប៉ុន្តែយើងក៏អាចបង្ការ និងការពារវាបានដែរ សូមស្នើដល់សមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន ដោយរក្សាភាពស្ងៀមស្ងាត់ និងកុំមានការភ័យខ្លាច ជាពិសេសកុំជឿការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពីជនឆ្លៀតឱកាសមួយចំនួននៅតាមបណ្តាញសង្គម ចាំបាច់ត្រូវជឿតាមការចេញផ្សាយរបស់រដ្ឋាភិបាល ក្រសួងសុខាភិបាល ឬបណ្តាញសារព័ត៌មានដ៏ជឿជាក់ណាមួយ។

ឯកឧត្តមបានលើកទឹកចិត្ដដល់សមាជិក សមាជិកា នៃអង្គប្រជុំ ជាពិសេសគឺលោកប្រធានមណ្ឌលសុខភាព ដែលជាជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផ្ទាល់ និងមានភារកិច្ចព្យាបាល ថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន សូមបន្តផ្សព្វផ្សាយជាប្រចាំគ្រប់រូបភាព នូវវិធានការបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលមកទទួលសេវា ឬកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព។

បន្ទាប់ពីចែកខិតប័ណ្ណផ្សព្វផ្សាយនៃវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់បណ្តាលស្រុកក្រុងទាំង៧រួចមក, ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តល់ជូនវត្ថុកំដរដៃ ដល់អភិបាលស្រុក ក្រុង ក្រុមប្រឹក្សាស្រុកក្រុង ឃុំ សង្កាត់ ក្នុងម្នាក់ៗ ទឹកក្រូច១កេស សារ៉ុង១ និងថវិកា៥ម៉ឺនរៀល៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 14 ម៉ោងមុន