រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

បណ្តាស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាប ឆ្លើយតប និងចាត់វិធានការយ៉ាងក្តៅគគុក លើកាណូត ឬទូក ដែលប្រើប្រាស់ម៉ាស៉ីនធំ ក្នុងការប្រព្រឹត្តបទល្មើស ក្រោយទទួលបទបញ្ជាពីអភិបាលខេត្តពោធិ៍សាត់

  • 1.4ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្រោយពីទទួលបានបទបញ្ជា ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, បណ្តាស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាប រួមមានស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន បានឆ្លើយតប និងចាត់វិធានការយ៉ាងក្តៅគគុក ទៅលើកាណូត ឬទូកគ្រប់ប្រភេទ ដែលប្រើប្រាស់ម៉ាស៉ីនសេសធំ ប្រព្រឹត្តបទល្មើស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងដែនសមត្ថកិច្ចស្រុកនីមួយៗ នៃខេត្តពោធិ៍សាត់។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងរដ្ឋបាលជលផល កម្លាំងប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងនៃគណៈអភិបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចផ្ទះបណ្តែតទឹក ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ។ ជាលទ្ធផលកម្លាំង បានដកហូតកាណូត ចំនួន ៣គ្រឿង រួមមាន៖

១-កាណូតបាឡា សំបកឈើ ប្រវែង៩ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាកដេវូ កម្លាំង១៥០សេស មានដងឈើសម្រាប់រុញ ប្រវែង៩ម៉ែត្រ ឈើ២ដើម សាច់ឈិបយន្ត ១វង់ ជាកម្មសិទ្ធិរបស់ឈ្មោះ ជិក សាមុត ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ។

២-កាណូតបាឡា សំបកឈើ ប្រវែង៨ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាកដេវូ កម្លាំង១៥០សេស មានដងឈើសម្រាប់រុញ ប្រវែង៩ម៉ែត្រ ឈើ២ដើម សាច់ឈិបយន្ត ១វង់ ជាកម្មសិទ្ធិរបស់ឈ្មោះ អឿ ជិក ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ។

៣-កាណូតបាឡា សំបកឈើ ប្រវែង៩ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាកដេវូ កម្លាំង១៥០សេស មានដងឈើសំរាប់រុញ ប្រវែង៩ម៉ែត្រ ឈើចំនួន២ដើម សាច់ឈិបយន្ត ១វង់។ ជាកម្មសិទ្ធិរបស់ឈ្មោះ ខុង ហ៊ុន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ។ ចំពោះវត្ថុតាង បានដកហូតរក្សាទុកសង្កាត់ជលផលឃុំកំពង់លួង តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញដដែល កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលជលផលកណ្តៀង និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក គី គឹមណូ អភិបាលរងនៃគណៈអភិបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង។ ជាលទ្ធផលកម្លាំង បានដកហូតកាណូតឈើ ២គ្រឿង បំពាក់ម៉ាស៊ីនធំ(ខុសលក្ខណៈបច្ចេកទេស) យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរាំងទិល។ ជាមួយគ្នានោះ កម្លាំងបានឃាត់កាណូតប្រព្រឹត្តបទល្មើសជាក់ស្តែង ចំនួន៣គ្រឿង ទូកសាច់អួន ១គ្រឿង សាច់អួន ៦២០ម៉ែត្រ និងមនុស្ស ៨នាក់ ក្នុងនោះស្រី ៤នាក់។ ចំពោះវត្ថុតាងមករក្សាទុកនៅស្នាក់ការសង្កាត់ជលផលកណ្តៀង ដោយឡែកជនសង្ស័យបានធ្វើការអប់រំ ឱ្យត្រឡប់ទៅផ្ទះវិញ។

នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងផ្នែកជលផលរាំងទិល ដឹកនាំដោយលោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ ចាប់ពីភូមិក្អមសំណរ ភូមិដីរនាត រហូតដល់ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន។ ជាលទ្ធផលកម្លាំង បានដកហូតកាណូតឈើ ១គ្រឿង បំពាក់ម៉ាស៊ីនកៅហ្វុង(ឆៃណា) កម្លាំង៣០សេស ព័ណ៌ខៀវ មានបណ្ដោយ ៨x១,៥០ម៉ែត្រ ពីឈ្មោះ ឌឹន គូ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដែលកាណូតនេះបម្រើឱ្យការប្រព្រឹត្តបទល្មើសអូសយាំងកាវ។ ជាមួយគ្នានោះ កម្លាំងបានធ្វើការអប់រំ អ្នកប្រើប្រាស់កាណូតបំពាក់ម៉ាស៊ីនធំ ចំនួន២គ្រឿង  ជាកម្មសិទ្ធិរបស់ឈ្មោះ ង្វៀង ធីឌាំង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដោយឱ្យត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា៖ «ដោយសង្កេតឃើញបទល្មើសនៅតែបន្តកើតមាន ក្នុងឡូតិ៍អភិរក្សពូជត្រី ដែលបង្កឡើងដោយកាណូត ឬទូក ដែលមានកម្លាំងសេសធំ បានលបលួចប្រព្រឹត្តបទល្មើស ធ្វើឱ្យលំបាកដល់ការដេញបង្ក្រាបនោះ។ ដូច្នេះដើម្បីទប់ស្កាត់នូវរាល់បទល្មើសដែលកើតមាន ក្នុងដែនសមត្ថកិច្ចនៃស្រុកនីមួយៗ រដ្ឋបាលខេត្ត ស្នើដល់លោកអភិបាលស្រុក នៅជាប់នឹងផ្ទៃទឹកបឹងទន្លេសាប សូមចាត់វិធានការអនុវត្តឱ្យបានម៉ឺងមាត់ និងជាដាច់ខាត ដោយធ្វើឱ្យច្បាស់ ធ្វើឱ្យល្អ ធ្វើឱ្យត្រឹមត្រូវ ធ្វើឱ្យកើត និងធ្វើឱ្យបាន ចំពោះកាណូត ឬទូក ដែលមានកម្លាំងសេសធំ ជាមុខសញ្ញានៃការប្រព្រឹត្តបទល្មើសនេសាទ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ»។ ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ប្រសិនបើអស់លោកអាជ្ញាធរស្រុក ក៏ដូចជាមន្ត្រីជំនាញ មិនមុខការបំពេញបង្គ្រប់ ទៅលើចំណុចដែលឆកល្វែងទេនោះ មានតែអស់លោកជាអ្នកដើរចេញ ទុកឱ្យអ្នកផ្សេងធ្វើជំនួសទើបល្អ៕

Ti Amo (ពស)

អត្ថបទទាក់ទង