រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ថ្មី, លោក លាង ទិតដ្ឋាន ជំនួសលោក ឡាយ ចេងលៀង ដែលត្រូវចូលនិវត្តន៍

  • 1.5ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក លាង ទិតដ្ឋាន ជាប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ថ្មី ជំនួសលោក ឡាយ ចេងលៀង ប្រធានមន្ទីរចាស់ ដែលត្រូវចូលនិវត្តន៍។ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ ពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការ តាមបណ្ដាក្រសួង មន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ រួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើរដ្ឋ និងប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្តបន្តថា ការតែងតាំងផ្លាស់ប្ដូរមុខតំណែងមន្ត្រីរាជការសាធារណៈ គឺជាការផ្លាស់ប្ដូរបទពិសោធន៍ តាមតម្រូវការចាំបាច់ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឱ្យមានកំណែទម្រង់ ក្នុងប្រព័ន្ធការងារឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មាន ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសកុំយកតួនាទីខ្លួនទៅធ្វើអាជីវកម្ម កុំមានបក្ខពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់មន្ត្រីក្រោមឱវាទ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ។ ឯកឧត្តមបានបន្ថែមថា ជាថ្នាក់ដឹកនាំ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម។ បើធ្វើជាមេ ត្រូវមានទឹកដោះឲ្យកូនបៅ បើគ្មានទឹកដោះ ក៏មានទឹកបបរ និងទឹកស្ករដែរ សុខចិត្តឱ្យស្តួចតែកុំឱ្យដាច់។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា សារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងសង្គម សម្រាប់ជាកញ្ចក់ឆ្លុះបញ្ជាំងពីទិដ្ឋភាពជាក់ស្តែង និងជាស្ពានចម្លងព័ត៌មាន ពីពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ ស្ថានភាពនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម។ ដើម្បីឱ្យការងារទាំងនេះ ប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ លោកប្រធានមន្ទីរព័ត៌មានថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងមន្ទីរនានាជុំវិញខេត្តឱ្យបានល្អ, ត្រូវកំណត់ការប្រជុំជាទៀងទាត់ជាមួយនឹងមន្ត្រីក្រោមឱវាទ និងត្រូវចេះប្រមូលផ្តុំ សាមគ្គីគ្នា ពិសេសត្រូវចេះគ្រប់គ្រងចាត់ចែង មន្ត្រីធ្វើការឱ្យបានត្រឹមត្រូវតាមជំនាញ ដោយមិនចាំបាច់ទាល់តែប្រធានចេះគ្រប់សព្វនោះទេ៕

Ti Amo (ពស)

អត្ថបទទាក់ទង