រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សហគមន៍ភូមិអណ្តែតទឹកកំពង់លួង ស្វាគមន៍ភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២០ខាងមុខ (Video inside)

  • 2.2ពាន់
  • ដោយ Admin
https://www.youtube.com/watch?v=6aoa1QHUNRc

(ពោធិ៍សាត់)៖ សហគមន៍ភូមិអណ្តែតទឹកកំពង់លួង សូមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ខាងមុខនេះ។ សហគមន៍នេះមានទីតាំងស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៣៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង១៥៩គីឡម៉ែត្រពីរាជធានីភ្នំពេញ។

ជាដំបូងយើងធ្វើដំណើរមកដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួន រវាងផ្លូវជាតិលេខ៥ និងលេខ៥៤ និងផ្លូវលេខ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៤ ពីទីប្រជុំជនស្រុកក្រគរ ចម្ងាយ៧គីឡូម៉ែត្រ។ បន្ទាប់មកត្រូវឆ្លងកាត ភូមិទី៤ សាលាឃុំកំពង់លួង និងអនុវិទ្យាល័យកំពង់លួងទើបទៅដល់មាត់ទឹក ដែលទីនោះមាន ទូកតូចធំ នៅតំរៀបគ្នារង់ចាំដឹកទេសចរ និងដឹកទំនិញ ផ្សេងៗ ទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។

ទិដ្ឋភាពក្នុងភូមិ មានភូមិចំនួន៤ នៅលើទឹក និង១ភូមិទៀតនៅលើគោក។ ភូមិលើទឹក មានភូមិទី១ ទី២ ទី៣ និងទី៥។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាងដូចជា សេវាលក់ទំនិញ ហូបចុក ទំនិញប្រើប្រាស់គ្រប់យ៉ាង លើលែងតែគ្រឿងយន្តធំៗ។ ជាមួយគ្នានោះ មានវត្តខ្មែរ វត្តវៀតណាម ព្រះវិហាគ្រឹះសាសនា មានជនជាតិរស់នៅចម្រុះគ្នាមានខ្មែរ វៀតណាម ចាម ចិន និងមានមុខរបរចម្រុះ ដូចជានេសាទត្រី និងជួញដូរផ្សេងៗ។

ទេសភាពព្រៃរនាម ឬព្រៃលេចទឹក សត្វស្លាបចុះរកចំណី និងហិចហើរជាច្រើនប្រភេទ ទូកអ្នកនេសាទ ទេសភាពផ្ទៃទឹក ទេសភាពភូមិបណ្តែតទឹកពេលយប់ «ដូចជាទីក្រុងមួយដែលកំពុងអណ្តែតទឹក»។

ការបំរើសសេវាដឹកទេសចរក្នុងសហគមន៍នេះ មានទូកចំនួន៣២ «ទូកតូចចំណុះ៣ ទៅ៦នាក់ ចំនួន២៧ទូក និងទូកធំចំណុះចាប់ពី ៧ដល់៣០នាក់ ចំនួន៣ទូក» សម្រាប់ដឹងភ្ញៀវកម្សាន្ត មើលទេសភាព និងជីវភាពរស់នៅ របស់អ្នកភូមិដោយកំណត់តម្លៃសេវាទូក ១៣ដុល្លារ /មួយម៉ោង(ទូកតូច) ឬ២ដុល្លារ /នាក់ /ម៉ោង(ទូកសាឡង់)។ ផ្ទះសំណាក់លើទឹក ( Homestay) មានចំនួន៣កន្លែង តម្លៃស្នាក់នៅ ៦ដុល្លារ /ម៉ោង /នាក់ /យប់ និងបម្រើសេវាហូបចុកបែបសាមញ្ញៗផងដែរ ជាពិសេសគឺត្រីតែម្តង៕

Khem Chamroeun (ពស)

អត្ថបទទាក់ទង