រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អបអរសាទរ! នាវា៧គ្រឿង​​​កំពុង​ដឹក​វត្ថុធាតុដើម ពីចិន​មក​កាន់​កម្ពុជា​ ដើម្បី​ផ្គត់​ផ្គង់ការ​ផលិត​​នៅរោងចក្រ សហគ្រាស

  • 740
  • ដោយ Admin

(ពោធិ៍សាត់)៖ នាវា៧គ្រឿង កំពុង​​ដឹកវត្ថុធាតុដើមពីប្រទេសចិន​​មក​​កាន់​កម្ពុជា​ ដើម្បី​​ផ្គត់​ផ្គង់​សង្វាក់​ផលិត​កម្ម​ នៅរោងចក្រសហគ្រាសមួយចំនួន​ ដែល​កំពុង​ប្រឈម​ទៅ​នឹង​​កង្វះខាតវត្ថុធាត់​ដើម។ នេះបើតាម​ប្រសាសន៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់​នៅព្រឹកថ្ងៃទី០៩​ ខែមីនានេះ។

សម្តេចបានបន្ថែម​ ដោយ​ចាត់ទុក​​នេះគឺជាដំណឹងល្អ​មួយសម្រាប់​បងប្អូន​កម្មករ​ធ្វើការងារនៅតាម​រោងចក្រសហគ្រាស​ និងថាការដឹកវត្ថុធាតុដើម​នេះ នឹងអាចចាប់ផ្តើមពីពេល​នេះ រហូត​ដល់​ខែឧសភា ឆ្នាំ​២០២០។

សម្តេចតេជោ បានបន្ថែមថា «នេះជាដំណឹងដ៏ល្អសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការនី ព្រោះសង្វាក់ផលិតកម្មនឹងបន្ត ហើយកូនក្មួយនឹងបន្តការងារជាធម្មតា។ បន្ទាប់ពីរោងចក្រទទួលវត្ថុធាតុដើមគ្រប់គ្រាន់វិញហើយ គឺរោងចក្រនៅកម្ពុជានឹងដំណើរការងារល្អជាធម្មតាឡើងវិញ ដូច្នេះសូមបងប្អូនកូនក្មួយកម្មករកម្មការនីកុំមានការព្រួយបារម្ភ»។

ក្នុងចំណោមនាវាទាំង៧គ្រឿងនេះ មាន៥គ្រឿងចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលតាមច្រកហូជីមិញ ប្រទេសវៀតណាម ដែលនឹងមកដល់កម្ពុជានៅថ្ងៃនេះ។

បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេល​ថ្មីៗ​នេះ​បានបញ្ជាក់​ថា មានរោងចក្រចំនួន ១០ បានស្នើសុំព្យួរការងារជាបណ្ដោះអាសន្ន ដោយមិនបានព្យួរ១០០គាគរយឡើយ គឺព្យួររតាមផ្នែក នៃសង្វាក់ផលិតកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់កម្មករ ប្រមាណជា៣០០០នាក់ ដោយ​សារជួបវិបត្តិខ្វះខាត វត្ថុធាតុដើម ក្នុងការផលិត។

លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិនកំពុង សម្រុះសម្រួល រកគ្រប់វិធានការដើម្បីផ្ដល់វត្ថុធាតុដើម ជូនក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើឱ្យការខូចខាត នៃក្រុមហ៊ុនកម្ពុជា ស្ថិតក្នុងកម្រិតទាបបំផុត។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហេង សួរ បានថ្លែងថាឥទ្ធិពលនៃវីរុសកូរ៉ូណា អាចនឹងបណ្ដាលឱ្យរោងចក្រ ប្រហែលជាជិត២០០ នឹងរងផលប៉ះពាល់ ប្រឈមជាមួយនឹងការបិទទ្វារ បណ្ដោះអាសន្ននៅក្នុងខែ មីនា ឆ្នាំ២០២០ខាងមុខ ប៉ះពាល់ ដល់កម្មករនិយោជិត ក្នុងករណីអាក្រក់ប្រហែលជា១៦ម៉ឺននាក់ ព្រោះខ្វះនូវវត្ថុធាតុដើមដើម្បីផលិត។

លោកបន្តថា សង្វាក់ផលិតកម្មនៅប្រទេសចិន បាននិងកំពុងចាប់ផ្ដើមដំណើរការ ហើយរាជរដ្ឋាភិបាល ក៏បានខិតខំប្រើប្រាស់នូវមធ្យោបាយ ដើម្បីពន្លឿន ការផ្គត់ផ្គង់ វត្ថុធាតុដើមនេះផងដែរ។ លោកសង្ឃឹមថា កម្ពុជានឹងមានអាទិភាព ទទួលបានវត្ថុធាតុដើមពីប្រទេសចិន មុនបណ្ដាប្រទេសនានា។

អ្នកនាំពាក្យបញ្ជាក់ថា មកដល់ពេលនេះ ក្រសួងបានដាក់ចេញវិធានការ យ៉ាងម៉ឺងម៉ាត់ ចំពោះគ្រប់មន្ទីរការងាររាជធានី-ខេត្ត ក៏ដូចជានាយកដ្ឋានអធិការកិច្ច ដើម្បីធ្វើការប្រាស្រ័យ ទាក់ទងជាមួយនឹង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏ដូចជាម្ចាស់រោងចក្រកាត់ដេរទាំងអស់ ដើម្បីដឹងអំពីស្ថានភាពស្តុកទុកទំនិញ របស់រោងចក្រនីមួយៗនោះផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង