រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ១០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

  • 2.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ ចាប់ពី ខេត្តពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ)  និងពិធីបើការដ្ឋានសាសង់ផ្លូវជាតិ លេខ១០ ប្រវែង១៩៨,៧១ គីឡូម៉ែត្រ ចាប់ពី សំឡូត-វាលវែង-អូរសោម ដល់កោះកុង ដែល ស្ថាបនាឡើងក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននោះ ត្រូវបាន ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃចន្ទ ០១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមានការចូលរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្ស ប្រមាណជាង ១ម៉ឺននាក់។

https://www.youtube.com/watch?v=sZar9sYLC30&feature=youtu.be

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ)ត្រូវបានសាងសង់ស្រប ទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង៨ម៉ែត្រ ដោយក្នុងនោះរួមាន សាងសង់លូជ្រុងចំនួន ១១៨កន្លែង ប្រវែងសរុប ១,៩៧៥ម៉ែត្រ លូមូលចំនួន ២៥០កន្លែង ប្រវែងសរុប ៣,៩៣៥ម៉ែត្រ លូដាក់តាមប្រឡាយ សងខាង ផ្លូវចំនួន ១៦៥ម៉ែត្រ ប្រវែងសរុប ១,០៦១ម៉ែត្រ សាសង់ស្ពាន​ចំនួន ៥១កន្លែង ប្រវែងសរុប ២,០២០ម៉ែត្រ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។

គម្រោងនេះចំណាយថវិកាសរុបប្រមាណ ១៣២,៨០​លានដុល្លារអាម៉េរិក ជាហិរញ្ញប្បទាននៃសាធារណរដ្ឋប្រជា មានិតចិន រួមជាមួយ​ថវិកា​បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោស​សម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធអាករនិងសួយសារ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបាន​បន្ដថា ការអនុវត្តគម្រោងសាងសង់​ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(China Road and Bridge Corporation) និងត្រួតពិនិត្យបច្ចេក ទេសាង សង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេស​ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយ​បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៨ខែ គិតចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៨។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ចំពោះគម្រោងសាងសង់ផ្លូវជាតិ​​លេខ១០ ប្រវែង ១៩៨,៧១ គីឡូម៉ែត្រ តភ្ជាប់ពី សំឡូត-វាលវែង-អូរសោម ដល់កោះកុង នឹត្រូវសាងសង់ ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋាន បច្ចេកទេសរបស់​សាធារ​ណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង៨ម៉ែត្រ ដោយក្នុងនោះ សាងសង់លូជ្រុងចំនួន ៨៣កន្លែង ប្រវែងសរុប១,៤៧៤ម៉ែត្រ លូមូលចំនួន៤០៤កន្លែង ប្រវែងសរុប ៧,២៩០ម៉ែត្រ លូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ១៣៤កន្លែង ប្រវែងសរុប ៨៥២ សាងសង់ស្ពាន ចំនួន ៣៣កន្លែង ប្រវែងសរុប ២,៣៦១ម៉ែត្រ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។ 

ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះ​គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨,៣៨លានដុល្លារអាម៉េរិក ជា​ហិរញ្ញប្បទាននៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ​​ថវិកាបដិភាគ របស់រាជរដ្ឋាភិ​បាល​កម្ពុជា សម្រាប់ការ ដោះ ស្រាយផលប៉ះពាល់ ការបោស​សម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធអាករផ្សេងៗ និងសួយសារ។ ជាមួយគ្នានេះ ការ​អនុវត្តការសាង​សង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(China Road and Bridge Corporation) និងត្រួតពិនិត្យបច្ចេកទេសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើរយៈពេលសាង​សង់ចំនួន ៤៨ខែ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្ដម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៥៥ ដែលកំពុងសម្ពោធ បើកឱ្យប្រើប្រាស់​ជាផ្លូវការ និងផ្លូវជាតិលេខ១០ ដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ គឺជាខ្សែផ្លូវនៃ​សរសៃ​ឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្ដានុពលរបស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការ​តភ្ជាប់ទំនាក់ទំនងគមនាគមន៍រវាង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជា​ការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ សំដៅរួមចំណែកលើកកម្ពស់​ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេស​ចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារ​ព្រំដែនកម្ពុជា-ថៃ នៅថ្មដា ខេត្តពោធិ៍សាត់ នៅចាំយាម ខេត្តកោះកុង និងកំពង់ផែសមុទ្រទឹក​ជ្រៅ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

ឯកឧត្ដម​ ក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសធនាគារ អាហ័រណ-នីហ័រណចិន ដែលបានគាំទ្រ និងសហការផ្ដល់ឥណទាន និងជំនួយបច្ចេកទេសជាបន្តបន្ទាប់សម្រាប់ការ​សាង​សង់ ស្ដារ និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវឌ្ឍនភាពសង្គម៕

Ti Amo (ពស)

អត្ថបទទាក់ទង