រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន៖ សាសនា គឺជាទឹកអន្សា និងជាទុននៃទ្រព្យ ផ្សាភ្ជាប់មនុស្សដែលរស់នៅក្នុងសង្គម (Photos inside)

  • 989
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានលើកឡើងថា សាសនា គឺជាទឹកអន្សា និងជាទុននៃទ្រព្យ សម្រាប់ផ្សាភ្ជាប់ទៅលើមនុស្សដែលរស់នៅក្នុងសង្គម, គ្រប់សាសនាទាំងអស់ សុទ្ធតែបម្រើផលប្រយោជន៍ទៅឱ្យមនុស្ស។ សម្រាប់ពុទ្ធសាសនា និងពុទ្ធឱវាទឯណេះវិញ គឺជាឱសថទិព្វ ដែលធ្វើឱ្យមនុស្សមានការផ្លាស់ប្តូរបាន «ពីការមួហ្មង មកភាពសប្បាយរីករាយ, ពីការស្រវាស្រទេញលោភលន់នៃមហិច្ឆតា មករកភាពដ៏ល្អប្រសើរ» ដែលទាំងអស់នេះបានពូនផ្តុំ នៅក្នុងទីវត្តអារាមតែមួយគត់ ហើយអ្នកដែលមានតួនាទីសំខាន់បំផុត នូវការផ្ទេរនូវចំណេះដឹង បណ្តុះវប្បធម៌កត្តញូ និងចរិកជាតិនិយម គឺមានតែព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តនេះហើយ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៨ នៅបរិវេណវត្តសូរិយា ដោយបានការនិមន្តចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត, ព្រះពោធិ៍ធម្មមុនី ហួត សុធា ព្រះមេគណ គណៈធម្មយុត្តិកនិកាយ និងមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ថ្នាក់ដឹកនាំគ្រប់សាសនា សរុបចំនួន៦០០អង្គ/នាក់។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងសាទរ សង្ឃប្រកាសនៃអនុសំវច្ចរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៨ ដែលបានដំណើរការរយៈពេលកន្លងមក និងបន្តផ្សព្វផ្សាយ នៅខេត្តពោធិ៍សាត់បន្ថែមទៀត ដោយបានផ្តោតព្រះទ័យ និងយកចិត្តទុកដាក់ពិភាក្សាចំណុចសំខាន់ៗ បម្រើផលប្រយោជន៍ នៃការបង្កើនធ្លុងសាមគ្គី ក្នុងជួរមន្ត្រីសង្ឃ និងពុទ្ធសាសនិក ប្រមូលផ្តុំគំនិត និងបញ្ញាញាណ រួមចំណែកកាត់បន្ថយ និងលុបបំបាត់អំពើអកុសល អំពើហឹង្សាក្នុងសង្គម ចាប់យកសន្តិភាព សុខុមាលភាព ផ្លូវកាយផ្លូវចិត្ត និងការអភិវឌ្ឍន៍។ ជាការពិតណាស់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ថា វិស័យព្រះពុទ្ធសាសនាជាទឹកអន្សាផ្សារភ្ជាប់សង្គមដ៏មានសារៈសំខាន់ និងជាផ្នែកមួយ នៃអត្តសញ្ញាណជាតិ ទើបយើងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍ វិស័យព្រះពុទ្ធសាសនា ជាប្រយោជន៍លើកកម្ពស់វប្បធម៌ នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិក។ វត្តអារាមរួមទាំងព្រះសង្ឃ មិនគ្រាន់តែជាទីស្ថាន និងជាបុគ្គល សម្រាប់តែគោរព និងសក្ការៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែង និងជាប្រភពសម្រាប់បណ្តុះបណ្តាលបញ្ញាញាណ ជាថ្នាលបណ្តុះគ្រាប់ពូជបញ្ញវ័ន្ត។ ឯកឧត្តមបានលើកឡើងទៀតថា សង្ឃប្រកាសនៃអនុសំវច្ឆរៈ មហាសន្និបាត មួយថ្ងៃនៅខេត្តពោធិ៍សាត់ ពិតជាសម្រេចបានលទ្ធផលសំខាន់ៗ ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា របស់ព្រះសង្ឃ អាចារ្យ និងគណៈកម្មការគ្រប់វត្តទូទាំងខេត្ត ត្រូវតែរួមគ្នាធ្វើ រួមគ្នាដោះស្រាយ ឱ្យបានទូលំទូលាយ ទប់ស្កាត់ លោភៈ ទោសៈ មោហៈ និងអំពើអកុសលទាំងឡាយ ដែលនាំទៅដល់ក្តីអន្តរាយទ្រព្យសម្បត្តិ សេចក្តីសុខរបស់មនុស្ស សត្វនៅក្នុងសង្គម។ ក្នុងនាមអាជ្ញាធរខេត្ត សូមផ្តល់អនុសាសន៍មួយចំនួនប្រគេន និងជម្រាបជូន ព្រះសង្ឃ មន្ត្រីសង្ឃ អាចារ្យ និងគណៈកម្មការគ្រប់វត្ត និងគ្រប់សាសនាទាំង៦នៅក្នុងខេត្ត គប្បីគោរពបញ្ញាតិ ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លិខិត បទដ្ឋានគតិយុត្តិ ព្រះវិន័យ សាមគ្គីផ្ទៃក្នុងល្អ ព្រោះថាក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគម្រូដល់ពុទ្ធបរិស័ទ ដែលមានតួនាទី យ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបញ្ញាស្មារតី គុណធម៌ និងសីលធម៌ ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្នាន ឱ្យស្គាល់អំពី បុណ្យ បាប ល្អ អាក្រក់ ខុស ត្រូវ ដែលជាការរួមចំណែក កសាងមនុស្សល្អក្នុងសង្គមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានប្រគេន និងប្រគល់ ប្រកាសនីយបត្រ ព្រះមន្ត្រីសង្ឃ និងប័ណ្ណសសើរ ជូនមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត ចំនួន២៦អង្គ/នាក់ ព្រមទាំងបានចែកក្រណាត់ស និងថវិកា ជូនយាយជីតាជី ដែលបានអញ្ជើញចូលរួមផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង