រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គណៈកម្មការទី២ នៃព្រឹទ្ធសភា ចុះឈ្វេងយល់ និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់

  • 858
  • ដោយ Admin

(ពោធិ៍សាត់)៖ ប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា «គណៈកម្មការទី២» ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ជាង៥០នាក់។

ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានជម្រាបជូនពីគោលបំណង គឺដើម្បីឈ្វេងយល់កាន់តែស៊ីជំរៅបន្ថែមទៀត លើបញ្ហាមួយចំនួនរួមមាន៖ -ការអនុវត្តគោលនយោបាយកំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងបុព្វបទថ្មី នៃការផ្ទេរធនធានមនុស្ស និងថវិកា ឱ្យដល់មូលដ្ឋាន។ -វឌ្ឍនភាពនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ  តាមខ្លឹមសារ នៃអនុក្រឹត្យលេខ ១៨២អនក្រ.បក ១៨៣អនក្រ.បក និង១៨៤អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ -ប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ក្រុង/ស្រុក/ខណ្ឌ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ «ទទួល-ទូទាត់» ការធ្វើគម្រោងអភិវឌ្ឍមូលដ្ឋាន ការប្រើប្រាស់មូលនិធិឃុំសង្កាត់ «រជ្ជទេយ្យបុរេប្រទាន» ជាបញ្ហាប្រឈម។ -សមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិវឌ្ឍ ថ្នាក់ ក្រុង/ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ របស់ខេត្ត ព្រមទាំងបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ការចូលរួមអភិវឌ្ឍន៍មូលដ្នាន របស់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ព្រមទាំងចុះមកប្រមូលព័ត៌មាន អំពី ប្រសិទ្ធភាពនៃការអនុវត្តន៍ការងារ បញ្ហាប្រឈមនានា នៅខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ​ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន​​សម្តែងនូវគារវៈស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានប្រតិភូគណៈកម្មការទី២ នៃព្រឹទ្ធសភា​ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញមកបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់នាពេលនេះ។​ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីលក្ខណៈភូមិសាស្ត្រ ដោយខេត្តពោធិ៍សាត់ ស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ១៨៦គ.ម ពីរាជធានីភ្នំពេញ មានផ្លូវគមនាគមន៍សំខាន់ៗ៣ គឺ៖ ផ្លូវជាតិលេខ៥ ផ្លូវដែក(រថភ្លើង) និងផ្លូវទឹក (បឹងទន្លេសាប) និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ ដែលមានខ្សែបន្ទាត់ព្រំដែនប្រវែងប្រមាណ ៨០គ.ម ខាងជើងទល់នឹងបឹងទន្លេសាប និងខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ក្នុងនោះដែរខេត្តត្រូវបែងចែកចេញជា ១រដ្ឋបាលក្រុង ៦រដ្ឋបាលស្រុក ៧សង្កាត់ ៤២ឃុំ និង៥១១ភូមិ ដោយមានប្រជាជនសរុបចំនួន៤៩៥,១៨៦នាក់ ស្រី២៥០,៧៦៩នាក់ ស្មើនឹង១១៧,២៥៨គ្រួសារ ប្រកបមុខរបរជាកសិករ៧៥,៨% សេវាករ២៣,៥% និងសិប្បករ,៧%។ ទន្ទឹមនឹងនោះដែរ មន្ទីរពាក់ព័ន្ធ ក៏បានរាយការណ៍ជូនគណៈកម្មការទី២ព្រឹទ្ធសភា អំពីលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះ ជូនសមាជិក សមាជិកា គណៈកម្មការ បាន​ជ្រាប។

ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។ ឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់អនុវត្តការងារបន្តទៀត។ ចំណែកបញ្ហាប្រឈមដែលខេត្ត និងមន្ទីរបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការ​​ នឹងពាំនាំយកទៅជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ និងវិស័យរបស់គណៈកម្មការទី២ នៃព្រឹទ្ធសភា រួមគ្នាជួយដោះស្រាយការលំបាក និងបញ្ហាប្រឈមមួយចំនួន​ ដើម្បីឱ្យមន្ទីរពាក់ព័ន្ធមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានទាន់ពេលវេលា សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។

គួរបញ្ជាក់ថា នារសៀលថ្ងៃខែឆ្នាំដដែល ប្រតិគណៈកម្មការទី២ នៃព្រឹទ្ធសភា ក៏បានអញ្ជើញចុះជួបសវនាការជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាល (NGOs) ដើម្បីស្តាប់នូវសេចក្តីរាយការណ៍ អំពីលទ្ធផលការងារ និងសកម្មភាពក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន បញ្ហាប្រឈមនានា សំណូមពរ  និងទិសដៅការងារបន្ត នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង