រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ការបង្កើតច្រកព្រំដែនថ្មដា ជាច្រកអន្តរជាតិ នឹងនាំមកនូវវឌ្ឍនភាពសេដ្ឋកិច្ច (Video inside)

  • 1.6ពាន់
  • ដោយ Admin
https://www.youtube.com/watch?v=DQqxwQN99Z8

(ពោធិ៍សាត់)៖ រាជរដ្ឋាភិបាលកម្ពុជា និងថៃ មានគម្រោងបង្កើតច្រកព្រំដែនជាមួយគ្នាមួយចំនួនទៀតទៅជាច្រកអន្តរជាតិ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការដោះដូរទំនិញរវាងប្រទេសទាំងពីរ។ ក្នុងនោះច្រកព្រំដែនរវាងកម្ពុជា និងថៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ក៏ជាច្រកមួយស្ថិតក្នុងគម្រោងបង្កើតជាច្រកអន្តរជាតិរវាងប្រទេសទាំងពីរផងដែរ។

បច្ចុប្បន្នច្រកព្រំដែនមួយនេះ ជាច្រករបៀងមួយដែលបើកឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរឆ្លងចេញចូលបាន ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ពុធ និងសៅរ៍។ បើទោះបីបច្ចុប្បន្នច្រកព្រំដែននេះជាច្រករបៀង ហើយបើកតែ៣ថ្ងៃក្នុងមួយសប្តាហ៍ តែគេសង្កេតឃើញថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការឆ្លងដែនចេញចូលគួរកត់សម្គាល់។ ក្នុងនោះប្រជាពលរដ្ឋខ្មែរភាគច្រើនបានឆ្លងទៅទិញទំនិញផ្សេងៗពីផ្សាររបស់ថៃដែលស្ថិតនៅក្បែរព្រំដែនយកមកលក់ដូរ ឬប្រើប្រាស់ ដ្បិតថា ការធ្វើដំណើរចូលទៅថៃជិតជាងការធ្វើដំណើរទៅកាន់ទីផ្សារនៅទីរួមខេត្តពោធិ៍សាត់។

ក្រៅពីបម្រើដល់ការឆ្លងចេញសម្រាប់ការដោះដូរទំនិញបន្តិចបន្តួចហើយនោះ ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនក្នុងឃុំថ្មដា ឬក៏មកពីតំបន់ផ្សេងៗទៀតនៅក្នុងខេត្តពោធិ៍សាត់ ក៏បានប្រើច្រកព្រំដែនមួយនេះ សម្រាប់ទៅស្វែងរកសេវាសុខាភិបាលពីខេត្តត្រាតប្រទេសថៃផងដែរ។ មន្ត្រីយោធា ក៏ដូចជាមន្ត្រីនគរបាលការពារព្រំដែនដែលឈរជើងនៅនឹងច្រកព្រំដែននេះ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋខ្មែរ និងថៃ ដែលចង់ឆ្លងចេញចូលប្រទេសទាំងពីរ ដើម្បីទេសចរណ៍ ឬដោះដូរទំនិញ គឺអនុញ្ញាតឱ្យចេញចូល៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ពុធ និងសៅរ៍។ ប៉ុន្តែបើក្នុងករណីប្រជាពលរដ្ឋមានជំងឺតម្កាត់ផ្សេងៗ ឬជំងឺត្រូវសង្គ្រោះបន្ទាន់ជាដើម ត្រូវបានអនុញ្ញាតឱ្យចេញចូលភ្លាមៗដោយគ្មានថ្ងៃកំណត់នោះឡើយ។

បច្ចុប្បន្នក្រៅពីអនុញ្ញាតឱ្យប្រជាពលរដ្ឋជាប់ព្រំដែនចេញចូលដោះដូរទំនិញ ស្វែងរកសេវាសុខាភិបាល និងការប្រាស្រ័យទាក់ទងផ្សេងៗនោះ ប្រជាពលរដ្ឋខ្មែរដែលទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានថ្មដាជាដើម ក៏បានប្រើច្រកនេះ ដើម្បីបង្ហួសទៅលេងខេត្តត្រាតប្រទេសថៃផងដែរ។

ទោះបីមានការអនុញ្ញាតឱ្យប្រើប្រាស់ច្រកព្រំដែនមួយនេះ ដើម្បីប្រាស្រ័យទាក់ទង ការដោះដូរទំនិញប្រើប្រាស់តិចតួចយ៉ាងណាក្តី តែការប្រើប្រាស់ច្រកមួយនេះនៅមានកម្រិតនៅឡើយនាពេលបច្ចុប្បន្ន ព្រោះថាវាស្ថិតជាច្រករបៀងនៅឡើយ។ ដំណឹងស្តីពីការបង្កើតច្រកព្រំដែនថ្មដាទៅច្រកទ្វារអន្តរជាតិ បាននាំឱ្យប្រជាពលរដ្ឋនៅក្នុងឃុំថ្មដា ស្រុកវាលវែង អ្នកវិនិយោគដែលកំពុងអភិវឌ្ឍន៍នៅជាប់ព្រំដែន រួមទាំងអាជ្ញាធរផងដែរ សម្តែងក្តីរីករាយ និងចង់ឃើញការបង្កើតច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់៕

Ti Amo (ពស)

https://www.youtube.com/watch?v=U7vVr36Pxmc

អត្ថបទទាក់ទង