រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ស៊ុយ សែម អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ (Photos inside)

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់។

ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត អាជា្ញធរស្រុក-ក្រុង-ឃុំ-សង្កាត់ និងសភាពាណិជ្ជកម្មខេត្ត ជាង២០០នាក់។

មានប្រសាន៍ក្នុងពិធីបិទសន្និបាតនោះ ឯកឧត្តម ស៊ុយ សែម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានធ្វើការបេ្តជ្ញាចិត្ត រួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសការខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ការទប់ស្កាត់ប្រកប ដោយជោគជ័យ នូវគម្រោងផែនការធ្វើរដ្ឋប្រហារប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ការផ្លាស់ប្តូររបប នយោបាយនៅកម្ពុជា ក្រោមឧបាយកល នៃផែនការវិលត្រឡប់របស់ក្រុមឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

ឯកឧត្តមបានបន្ថែមថា ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជានៅតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់៧,១% ជាមួយការប្រមូលចំណូលថវិកាជាតិ កើនឡើងលើសគម្រោងផែនការ ប្រមាណ១.៦០០លានដុល្លារអាមេរិក ហើយអត្រានៃភាពក្រីក្របានស្ថិតក្នុងអត្រាទាបជាង១០%។ ការដ្ឋាននៃកំណែទម្រង់នានា ត្រូវបានជំរុញអនុវត្តយ៉ាងសកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ ស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ ឡើងថែមទៀត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ឯកឧត្តមបានស្នើដាក់ផែនការ ៨ចំណុច ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាខិតខំសម្រេចឱ្យបាន នៅក្នុងឆ្នាំ២០២០ រួមមាន៖ ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម, ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទេសចរណ៍, ការអភិវឌ្ឍទីក្រុង, ការកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋាន, ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន និងការពង្រឹងរបៀបរបបការងារ។

គួរបញ្ជាក់ថា បន្ទាប់ពីឯកឧត្តម ស៊ុយ សែម បានបញ្ចប់មតិសំណេះសំណាល ផ្តល់អនុសាសន៍ផ្តាំផ្ញើបិទសន្និបាតរួចមក ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការ ដែលមានស្នាដៃឆ្នើម ចំនួន១៩រូប និងប្រគល់ថវិកាជ័យលាភី ភូមិឃុំសុវត្ថិភាព ជូនប៉ុស្តិ៍រដ្ឋបាលដែលមានស្នាដៃផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង