រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំពុងមានប្រជាប្រិយ និងឈរលើយន្តការ​ច្បាប់ជាធរមាន

  • 1.4ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានលើកឡើងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកំពុងតែពេញនិយម និងមានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថាតែសម្រាប់កម្ពុជាទេ គឺទូទាំងសកលលោកតែម្តង។ យន្តការនេះធានាឲ្យប្រជាពលរដ្ឋទូទៅ អាចរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុម តាមរយៈការដោះស្រាយវិវាទនានា ដោយប្រើវិធីសម្រុះសម្រួល ពិគ្រោះយោបល់គ្នាទៅវិញទៅមក ធ្វើសម្បទានឲ្យគ្នា ក្រៅប្រព័ន្ធតុលាការ អាចបង្កើតពីភាពល្អក់កករនឹងគ្នា ក្លាយទៅជាមិត្តភាពស្និតស្នាលក្នុងក្នុងសង្គម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានដឹកនាំសមាជិកគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ ចុះជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ អភិបាលរងខេត្ត និងប្រធានមន្ទីរអង្គភាពដែលមានពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ខេត្តពោធិ៍សាត់មានសក្កានុពលខាងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលធ្វើឲ្យខេត្តមានសមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង សម្រាប់ការកសាងអភិវឌ្ឍន៍រីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ឯកឧត្តមបានបន្តថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តគ្រប់ផ្នែក បានខិតខំបំពេញការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ អាជ្ញាធរបានចុះផ្សព្វផ្សាយច្បាប់ តាមវេទិកានានា និងធ្វើការអប់រំដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ទាំងអស់គ្នា។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្តរួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអស់លោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ ដែលបានធ្វើការសម្របសម្រួលដោះស្រាយទំនាស់ផ្សេងៗជាលក្ខណៈគ្រួសារ ក្រៅប្រព័ន្ធតុលាការ ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដើម្បីឈ្នះទាំងអស់គ្មា គឺគ្មានអ្នកចាញ់។ ជាងនេះទៅទៀតឯកឧត្តមបានស្នើដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់បន្តទៀត លើការងារផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។ ឯកឧត្តមបណ្ឌិតបានថ្លែងថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយកែទម្រង់ស៊ីជម្រៅគ្រប់វិស័យ ក្នុងនោះការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាភារកិច្ចដ៏មានសារៈសំខាន់ និងចាំបាច់បំផុត បន្ថែមលើភារកិច្ចស្នូល របស់ក្រសួងយុត្តិធម៌ ហើយក៏ស្ថិតនៅក្នុង​វិស័យ​អាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាព​ផ្សេង​ៗ​ទៀត ដែលរាជរដ្ឋាភិបាលបានយកចិត្ត​ទុកដាក់ ក្នុងកិច្ចធានាដល់ការកសាងអភិវឌ្ឍជាតិ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ ច្បាប់រដ្ឋសភាបានអនុម័តចំនួន៥៦១ច្បាប់ ដែលច្បាប់ទាំងនោះ បានគ្របដណ្តប់លើវិស័យសំខាន់ៗ នៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និងអន្តរជាតិ។ ម្យ៉ាងវិញទៀតច្បាប់ជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការងារបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសកម្មភាពមនុស្សធម៌ជាដើម។ ចំណែកវិស័យយុត្តិធម៌ឯកឧត្តមបានបញ្ជាក់ថា រដ្ឋសភាបានអនុម័តវិស័យ​តុលាការ មាន​ជាអាទិ៍ ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​ ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​ និង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​ ដែលច្បាប់​ទាំងអស់នេះ​ជា​មធ្យោបាយ និង​យន្តការ​ដ៏​សំខាន់ ក្នុង​ការជួយ​ដល់​ស្ថាប័ន​តុលាការ​ឲ្យ​មាន​ឯករាជ្យភាព ​និង​លទ្ធភាព​ក្នុងការ​បំពេញតួនាទីភារកិច្ច​របស់ខ្លួន ធានា​យុត្តិធម៌​សង្គម ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការងារ ជាមួយប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តជួយដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ព្រមទាំងផ្តល់ជាស្បៀង ជូនជនចាស់ជរាគ្មានទីពឹង គ្រួសារទីទ័លខ្លាំង និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានមួយចំនួនផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង