រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជាមួយកូនក្មួយសិស្សានុសិស្សមកពីគ្រប់វិទ្យាល័យ ក្នុងស្រុកក្រគរ (Video inside)

  • 1.2ពាន់
  • ដោយ Admin
https://youtu.be/2ZMtm7N8pWQ

(ពោធិ៍សាត)៖ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា រួមដំណើរជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ជាច្រើន ជូនដល់កូនក្មួយសិស្សានុសិស្ស មកពីវិទ្យាល័យចំនួន៣ ក្នុងស្រុកក្រគរ ក្នុងនោះមានវិទ្យាល័យ ហ៊ុន សែន ឈើតុំ, វិទ្យាល័យ ហ៊ុន សែន ១០មករា និងវិទ្យាល័យ ហ៊ុន សែន ក្រគរ សរុបប្រមាណជិត២ពាន់នាក់។

ពិធីនេះប្រារព្ធធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រគរ ដោយបានការចូលរួមលោក Phililppe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតបារាំង ប្រចាំនៅកម្ពុជា អាជ្ញាធរស្រុក ឃុំ ក្រុមការងារ និងលោកគ្រូអ្នកគ្រូយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ ពិតជាមានមោទនភាព និងកិត្តិយសក្រៃលែង ចំពោះវត្តមានលោកជំទាវឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានមកដល់ទឹកដីនៃខេត្តពោធិ៍សាត់។ ឯកឧត្តមបានជម្រាបជូនពីភូមិសាស្រ្តរដ្ឋបាល សក្តានុពលដែលមាននៅក្នុងខេត្ត និងបញ្ជាក់ជូនអំពីសមិទ្ធផលនានា ក្នុងអំឡុងអាណានិគមបារាំង។ ជាមួយគ្នានោះ ឯកឧត្តមបានលើកឡើង នូវហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្វាត់ស្វែង និងលះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃនេះ។

លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅជូនដល់ ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ម៉ៅ ធនិន ដែលបានទទួលស្វាគមន៍លោកជំទាវយ៉ាងកក់ក្តៅ។ លោកជំទាវបានឱ្យដឹងថា ក្នុងឆ្នាំ២០០២ លោកជំទាវបានមកដល់ប្រទេសកម្ពុជា ក្នុងឋានៈជាប្រជាពលរដ្ឋធម្មតា ដោយហេតុតែស្រលាញ់ និងពេញចិត្ត ចំពោះទឹកដីដែលមានវប្បធម៌ និងអរិយធម៌ដ៏ល្អសប្បូរបែបនេះ និងដោយហេតុតែចង់បម្រើប្រទេសជាតិ លោកជំទាវក៏ត្រូវបានទទួលតួនាទី ជាឯកអគ្គរដ្ឋទូតស្ត្រី របស់សាធារណៈរដ្ឋបារាំង ប្រចាំប្រទេសកម្ពុជាដំបូងគេបង្អស់ នៅឆ្នាំ២០១៧។ លោកជំទាវឯកអគ្គរដ្ឋទូត បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន របស់លោកជំទាវ ដែលធ្លាប់បានជួបនូវបញ្ហាលំបាកនានា ក្នុងកំឡុងពេលសិក្សា រហូតសម្រេចគោលបំណង ក្លាយជាឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា ដល់បច្ចុប្បន្ន។ លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស មិនថាមានបញ្ហាទុក្ខលំបាកយ៉ាងណា ក៏មិនថ្អូញថ្អែរ ហើយតស៊ូពុះពារគ្រប់ឧបសគ្គ។ ក្នុងខណៈនោះ លោកជំទាវក៏បានផ្តល់ដំបូន្មាន ដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែង ព្យាយាម រៀនសូត្រ សិក្សាស្រាវជ្រាវ បំពេញបន្ថែម និងបង្កើននូវចំណេះដឹងភាសាបរទេស ដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ លោកជំទាវក៏បានជូនពរដល់សិស្សានុសិស្ស ដែលមានគោលដៅ និងក្តីបំណងប្រាថ្នាច្បាស់លាស់ សូមឲ្យជួបតែសំណាងល្អ និងឈានទៅសម្រេចបំណងប្រាថ្នាទាំងអស់នោះ ទៅថ្ងៃអនាគត។

ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានផ្តល់ជូនរបងថ្មចំនួន១០ប្រឡោះ ជូនលោកគ្រូអ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន ក្រគរ តាមការស្នើសុំផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង