រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ សម្រេចសាងសង់បន្ទប់សិក្សា នៃសាលាមត្តេយ្យសហគមន៍កំពោតអាង តាមការស្នើសុំរបស់អាជ្ញាធរ ភូមិ ឃុំ ស្រុក (Video inside)

  • 2.0ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានចុះសំណេះសំណាល បង្ហាញអារម្មណ៍កក់ក្តៅ និងផ្តល់ក្តីអាណិតស្រឡាញ់ ដល់កូនៗកុមារា កុមារីតូចៗ ដែលកំពុងសិក្សានៅសាលាមត្តេយ្យសហគមន៍កំពោតអាង ដែលបច្ចុប្បន្នមានការខ្វះខាតថ្នាក់រៀន ហើយត្រូវបានឯកឧត្តមសម្រេចសាងសង់ជូនតាមសំណើរបស់ព្រះសង្ឃ នាយិកា គណៈកម្មការទ្រទ្រង់សាលា នៅបរិវេណវត្តមុន្នីវង្សសូរិយាសោភ័ណ្ឌ (ហៅវត្តកំប៉ាង) ស្ថិតក្នុងភូមិកំពោតអាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

https://youtu.be/m6urhdR0ESg

លោកស្រីនាយិកា យាង សារុំ បានឲ្យដឹងថា ថ្ងៃនេះគឺកិត្តិយសក្រៃលែង ដែលឯកឧត្តមអភិបាលខេត្ត បានចំណាយពេលវេលាដ៏មានតម្លៃ ចុះមកសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ ទៅលើតម្រូវការថ្នាក់រៀនជាចាំបាច់ សម្រាប់បណ្តុះនូវគ្រាប់ពូជជំនាន់ក្រោយ។ បច្ចុប្បន្នសហគមន៍កំពោតអាង បានយកចិត្តទុកដាក់ ចំពោះការអប់រំកុមារតូច អាយុពី៣-៥ឆ្នាំ និងកំពុងសាងសង់ថ្នាក់រៀន ដែលមានទំហ៊ុំ ៩x៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តារ និងក្រាលការ៉ូ គ្រោងនឹងប្រើប្រាស់ថវិកាសរុប ២២,០៦៧,០០០រៀល ក្នុងនោះព្រះសង្ឃ អាជ្ញាធរ ភូមិ ឃុំ ស្រុក ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាកាន រួមទាំងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមថវិកាសរុប ៨,៩៧៩,០០០រៀល នៅខ្វះ ១៣,០៨៨,០០០រៀលទៀត។

ឯកឧត្តម ម៉ៅ ធនិន បង្ហាញអារម្មណ៍កក់ក្តៅ និងផ្តល់ក្តីអាណិតស្រឡាញ់ ដល់កូនៗកុមារា កុមារីតូចៗ ដែលកំពុងខ្វះខាតថ្នាក់រៀន នៅសាលាមត្តេយ្យសហគមន៍កំពោតអាង តាមរយៈការសម្រេចផ្តល់ជូនថវិកាដែលនៅខ្វះ ដើម្បីបង្គ្រប់ការសាងសង់បន្ទប់សិក្សា ដែលមានទំហ៊ុំ ៩x៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តារ និងក្រាលការ៉ូ។ ឯកឧត្តមបានថ្លែងថា សាលាមត្តេយ្យសហគមន៍ ពិតជាបានផ្តល់នូវពុទ្ធិ ចំណេះដឹង និងសីលធម៌ តម្រង់ទិសកុមារឲ្យទទួលបាននូវឱកាស ឈានទៅរកអនាគតកាន់តែល្អប្រសើរ ដែលទាំងអស់នេះ គឺសុទ្ធសឹងជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិនាពេលអនាគត។

ឯកឧត្តមបានថ្លែងការកោតសរសើរ ចំពោះទឹកចិត្តដ៏ប្រពៃរបស់អ្នកគ្រូ ដែលបង្រៀននៅសាលាមត្តេយ្យសហគន៍នេះ ដោយបានលើកឡើងថា ក្នុងក្រុមគ្រួសារនីមួយៗ មានកូនតូចៗតែ២ទៅ៣នាក់ នៅពិបាកនឹងមើលថែ ចុះទំរាំអ្នកគ្រូ មើលថែផង លួងលោមផង បង្រៀនផង ផ្តល់ក្តីស្រឡាញ់ផង ចំពោះកូនៗ កុមារា កុមារីតូចៗ តើវាពិបាកប៉ុណ្ណា។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានអំពាវនាវដល់ឪពុកម្តាយគ្រប់ៗរូប ត្រូវតែបញ្ជូនកូនរបស់ខ្លួនទៅរៀន ព្រោះថាមានតែចំណេះវិជ្ជាទេ ដែលជាពន្លឺបាញ់ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ពិសេសបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដឹកនាំប្រទេស បង្កើនសន្ទុះអភិវឌ្ឍន៍ជាបន្តទៀត។ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរ ភូមិ ឃុំ សហការជាមួយកម្លាំងប្រជាការពារ ពន្លឿនការសាងសង់បន្ទប់សិក្សានេះ ឲ្យបានឆាប់រហ័ស និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ផ្តល់លទ្ធភាពស្តារ ឬជីកដីពីស្ទឹងស្វាយដូនកែវ ដើម្បីបញ្ជៀសការកកស្ទះចរន្តទឹក និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តល់ជូនសម្ភារៈសិក្សា ដល់កូនក្មួយសិស្សានុសិស្ស នៃសាលបឋមសិក្សាកំប៉ាង ចំនួន២២៩នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល និងប៊ិច២ដើម ព្រមទាំងបន្តនាំយកនូវអង្ករ ភេសជ្ជៈ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ គង់ក្នុងវត្តមុន្នីវង្សសូរិយាសោភ័ណ្ឌ (ហៅវត្តកំប៉ាង) ឃុំស្វាយដូនកែវ និងវត្តបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកានផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង