រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម អ៊ុយ សំអាត នាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខសពលោកឧត្ដមសេនីយ៍ទោ រស់ ប៊ុនណាន ស្នងការរងនគរបាលខេត្តពោធិ៍សាត់

  • 1.5ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រី ចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យ ចូលបុណ្យ សពលោកឧត្ដមសេនីយ៍ទោ រស់ ប៊ុនណាន ស្នងការរងនគរបាលខេត្តពោធិ៍សាត់ ដែលត្រូវជាកូន លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយក នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង១៧ និង០០នាទីល្ងាច នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំ សោកសង្រែងនេះឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ក្នុងក្តីសោកស្តាយឥតគណនា ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់ កូន និងបិតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះមាតាបិតា បុត្រា បុត្រី និងជាបុព្វការីជន ដែលក្នុងជីវិតរបស់លោក បានធ្វើពលិកម្មជាច្រើន បានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ដើម្បីសង្គមជាតិ និងក្រុមគ្រួសារ។

ជាមួយគ្នានេះដែរ ឯកឧត្តមវេជ្ជ. បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្ដមសេនីយ៍ទោ រស់ ប៊ុនណាន សូមទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។

លោកជំទាវ ហួន ច័ន្ទបូរ៉ា ត្រូវជាម្តាយនៃសព​ បានសម្តែងនូវក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ​ ចំពោះសុខទុក្ខប្រជាពលរដ្ឋ​រងគ្រោះ ឬជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សម្ភារដែលនាំយកមកចូលរួមរំលែកទុក្ខនាឱកាសនេះ រួមមាន៖ អង្ករ១២០គីឡូក្រាម មី ៥កេស ទឹកសុទ្ធ៥កេស ភេសជ្ជៈ៥កេស ត្រីខ៥យួរ និងថវិកា ៥លានរៀល៕

Ti Amo(ពស)

អត្ថបទទាក់ទង