រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សម្តេចក្រឡាហោម ស ខេង សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត ទាំង២៥

ដោយ Adminចំនួនទស្សនា (446)

(ពោធិ៍សាត់)៖ ក្នុងការរួមចំណែកសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ប្រសិទ្ធិភាព និងគុណភាពនៃការផ្ដល់សេវារដ្ឋបាលឲ្យបានកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត ទាំង២៥ ដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលខេត្ត និងសមាជិកក្រុមប្រឹក្សាគ្រប់រាជធានីខេត្ត ទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម  រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំចាត់ចែងឲ្យមានការផ្សព្វផ្សាយលិខិតបទដ្ឋាន ជូនគ្រប់ភាគីពាក់ព័ន្ធនៅក្នុងខេត្ត  និងបានដាក់ចេញដីកា និងសេចក្ដីសម្រេចពាក់ព័ន្ធនឹងការតែងតាំង ចាត់តាំងបុគ្គលិកឲ្យមកបំពេញការងារនៅក្នុងអង្គភាពច្រកចេញចូលតែមួយ បុគ្គលិកផ្នែកជួរមុខ និងផ្នែកជួរក្រោយ ដែលជាមន្ត្រីជំនាញរបស់មន្ទីរអង្គភាពពាក់ព័ន្ធ។បច្ចុប្បន្នបុគ្គលិកកំពុងបម្រើការងារនៅក្នុងអង្គភាពច្រកចេញចូលតែមួយមានចំនួន២៤នាក់ បានដំណើរការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋលើ១៤វិស័យ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រទេសកម្ពុជាបានរៀបចំឲ្យមានយន្ដការច្រកចេញចូលតែមួយ សម្រាប់ការផ្ដល់សេវារដ្ឋបាល និងការិយាល័យប្រជាពលរដ្ឋសម្រាប់ទទួល និងសម្រុះសម្រួល ដោះស្រាយពាក្យបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិជា០៥ដំណាក់កាល។ ចាប់តាំងពីដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ នៅពាក់កណ្ដាលឆ្នាំ២០១៨ រហូតមកដល់ចុងឆ្នាំ២០១៩  អង្គភាពច្រកចេញចូលទាំង២៥រាជធានីខេត្ត បានផ្ដល់សេវាសរុបចំនួន ៦៩៤,៩៦៧សេវា ទទួលបានចំណូលសរុប ៥៦,០៧១,០០៧,១៥៨រៀល (ហាសិបប្រាំមួយបីលាន ចិតសិបមួយលានប្រាំពីរពាន់ និងមួយរយហាសិបប្រាំបីរៀល) ប្រហែលជាង១៤លានដុល្លារសហរដ្ឋអាមេរិក។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការបង្កើតច្រកចេញចូលតែមួយនេះមានគោលបំណង បង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈការប្រមូលផ្ដុំ ការផ្ដល់សេវារដ្ឋបាលលើវិស័យនានាកន្លែងតែមួយ។ មកដល់ពេលនេះរាជធានីខេត្ត ទូទាំងប្រទេស បានរៀបចំរួចរាល់នូវបែបបទ នីតិវិធី និងហេដ្ឋារបនាសម្ព័ន្ធ សម្រាប់ដំណើរការនូវច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដោយបានទទួលប្រតិភូកម្មពីរាជរដ្ឋាភិបាល ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋជិត៦០០ប្រភេទសេវា ក្នុងវិស័យចំនួន១២។ សម្ដេចក្រឡាហោម បានស្នើឲ្យស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូពាក់ព័ន្ធ បន្តចូលរួមគាំទ្រក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមទាំងដំណើរការ នៃយន្ដការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះឲ្យបានទទួលជោគជ័យ ស្របតាមបំណង និងឆន្ទះដ៏មុះមុតរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោមបានឧបត្ថម្ភថវិកាជូបសាលាខេត្ត ចំនួន៥លានរៀល, ជូនលោកគ្រូអ្នកគ្រូ៥០០នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល, យុវជនកាកបាទក្រហម និងកាយរិទ្ធ ចំនួន១៧០នាក់ ម្នាក់ៗទទួលបាន ១ម៉ឺនរៀល, សិស្សានុសិស្ស១៥០នាក់ ម្នាក់ៗទទួលបានសៀវភៅ០២ក្បាល ប៊ិច០២ដើម ថវិកា ៥ពាន់រៀល, គ្រូពេទ្យ៣០នាក់ ម្នាក់ៗ២ម៉ឺនរៀល, តាជីយាយជី២០០នាក់ ម្នាក់ៗទទួលក្រណាត់ស០១ដុំ ថវិកា១ម៉ឺនរៀល និងក្រុមតន្ត្រីសម័យ ១លានរៀល៕

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 1 ម៉ោងមុន