រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ព្រះតេជគុណ ឡាយ កន ចៅអធិការវត្តបាកាន គៀងគររកសប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក នាំយកអំណោយចែកជូនដល់ពលរដ្ឋ ជាង២០០គ្រួសារ ក្នុងឃុំត្រពាំងជង ស្រុកបាកាន (Video inside)

  • 629
  • ដោយ Admin

(ពោធិ៍សាត់) ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានគៀងគររកអំណោយសប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក ជាអតីតប្រជាពលរដ្ឋធ្លាប់រស់នៅក្នុងត្រពាំងជន ស្រុកបាកាន ដើម្បីចែកជូនដល់ជនចាស់ជរា និងគ្រួសារក្រីក្រ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត ជាង២០០គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅបរិវេណវត្តបាកាន ខេត្តពោធិ៍សាត់។

លោកស្រី បាន តេង (Ban Teng) សប្បុរសជនខ្មែរមកពីសហរដ្ឋអាមេរិក បានឲ្យដឹងថា អំណោយដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការចូលរួមពីក្រុមគ្រួសាររបស់លោកស្រី ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាជនចាស់ជរា កំពុងខ្វះខាត ក្នុងទឹកដីស្រុកកំណើតរបស់លោកស្រី។ បច្ចុប្បន្នលោកស្រីមានព្រះជន្មាយុ៧២ឆ្នាំហើយ នេះជាលើកទីពីរដែលលោកស្រីបានមកដល់ប្រទេសកម្ពុជា បន្ទាប់ពីបានចាកចេញ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពល។ លោកស្រីបានវាយតម្លៃ និងធ្វើការកោតសរសើរខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រីបានសន្យាថា នឹងគៀងគររកសប្បុរសជនខ្មែរយើង ដែលរស់នៅឯនាយសមុទ្រ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ នៅឆ្នាំបន្តបន្ទាប់ទៀត។ លោកស្រីបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខិតខំបង្កបង្កើនផលដាំដំណាំចម្រុះ ឲ្យអស់លទ្ធភាពដែលខ្លួនមាន ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ដោះស្រាយជីវភាពក្នុងគ្រួសារឲ្យបានធូធារ ជាពិសេសបងប្អូនត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យឲ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច។

ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន មានសង្ឃដិកាថា ថា្នក់ដឹកនាំខេត្តពោធិ៍សាត់ ដែលមានឯកឧត្តម ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្ត គឺបានបើកទូលាយដល់ សប្បុរសជនជាតិ អន្តរជាតិ និងអង្គការនានា ដើម្បីជួយដល់ប្រជាពលរដ្ឋយើង ជួបការលំបាក ឬខ្វះខាតស្បៀងអាហារជាដើម។ ជាក់ស្តែងអំណោយសប្បុរសធម៌ របស់បងប្អូនខ្មែរយើងនៅក្រៅប្រទេសនាពេលនេះ ទោះបីជាតិចតួចក៏ពិតមែន តែបានរួមចំណែក និងឆ្លើយតម ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង។ ទន្ទឹមនឹងនេះ ព្រះតេជគុណ ក៏បានថ្លែងអំណគុណដល់លោកស្រី បាន តេង (Ban Teng) ព្រមទាំងក្រុមគ្រួសារ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋពេលនេះ គឺបានបង្ហាញពីទឹកចិត្ត ស្រឡាញ់រាប់អាន និងសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ជាពិសេសពលរដ្ឋដែលធ្លាប់រស់នៅក្នុងភូមិឃុំស្រុកតែមួយ ពីអតីតកាលមក។

អំណោយដែលត្រូវចែកជូនដល់ជនចាស់ជរា និងគ្រួសារក្រីក្រ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត ជាង២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន វ៉ែនតា១ សារ៉ុង១ និងក្រម៉ា១ ដោយឡែកក្មេងៗទទួលបានថវិកា ១ម៉ឺនរៀលផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង