រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ចុះបឋមសិលាសាងសង់ទីបញ្ជាការថ្មីមួយខ្នង និងបិទវគ្គហ្វឹកហ្វឺន នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ បានអញ្ជើញបញ្ចុះបឋមសិក្សាអគារទីបញ្ជាការថ្មី និងបិទវគ្គហ្វឹកហ្វឺន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះបានការអញ្ជើញ ចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូជាមេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលទាហានយ៉ាងច្រើនកុះករ។

ឯកឧត្តមឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានជម្រាបជូនថា ដោយបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ជាពិសេសក្រោមការដឹកនាំបញ្ជាចង្អុលផ្ទាល់ របស់ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលថ្មីនេះ បានជួយឧបត្ថម្ភឃ្លាំងផ្ទុកគ្រាប់១ខ្នង មានបណ្តោយ២៨ម៉ែត្រx៨ម៉ែត្រ និងទីបញ្ជាការថ្មីមួយខ្នង កម្ពស់២ជាន់ ដែលបានបញ្ចុះបឋមសិលានាពេលនេះ ព្រមទាំងបានឧបត្ថម្ភថវិកា ១ម៉ឺន២ពាន់ដុល្លារអាមេរិក និង៤០លានរៀល ប្រេងម៉ាស៊ូត១,៥០០លីត្រ និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត។ ស្តែងចេញពីការយកចិត្តទុកដាក់ និងគិតគូរ ដល់សុខទុក្ខដល់នាយ នាយរង និងពលទាហាននោះ គឺនៅក្នុងឆ្នាំ២០១៩ អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបានចំនួន៦វគ្គ ក្នុងនោះហ្វឹកហ្វឺនផែនការ៤វគ្ក និងហ្វឹកហ្វឺនដោយម្ចាស់ការ២វគ្គ។ វគ្គហ្វឹកហ្វឺននីមួយៗផ្តោតសំខាន់លើខ្លឹមសារចិត្តសាស្ត្រ ការងារយោធា ការងារស៊ើបការណ៍ និងយុទ្ធវិធីថ្មើរជើង ព្រមទាំងបានបញ្ជូនទៅសិក្សាក្នុងប្រទេស៥១នាក់ និងក្រៅប្រទេស៣១នាក់។ ចំពោះទិសដៅក្នុងឆ្នាំ២០២០នេះ អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ បានបន្តបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើជើង បំប៉នមេបញ្ជាការ ជំនាញបញ្ជូនសារ ជំនាញការពារអាកាស និងពាក់កណ្តាលរៀបរយ។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខ នាយ នាយរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានថ្លែងថាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ដែលកើតមានរហូតមកដល់ពេលនេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ គឺពុះពារគ្រប់ឧបស័គ្គរាប់មិនអស់ ហេតុនេះឲ្យនាយ នាយរង និងពលទាហាន ត្រូវអរគុណសន្តិភាព ស្រលាញ់សន្តិភាព និងការពារសន្តិភាពឲ្យបានទាំងអស់គ្នា។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានថ្លែងបន្តទៀតថា កងកម្លាំងប្រដាប់អាវុធ គឺជាធនធាន និងជាកម្លាំងស្នូលដ៏មានឥទ្ធិពល ក្នុងការរួមចំណែក រក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាគោលដៅចម្បង និងយ៉ាងសំខាន់ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងការពារជាតិ នាពេលនេះក៏ដូចទៅថ្ងៃអនាគត ត្រូវតែរួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងរក្សាការពារផលប្រយោជន៍ជាតិ មាតុភូមិរបស់យើង ឲ្យបានគង់វង្ស។ តាមរយៈនេះសូមឲ្យនាយ នាយរង និងពលទាហានគ្រប់ផ្នែក គ្រប់ថ្នាក់ បន្តការខិតខំប្រឹងប្រែង ហ្វឹកហ្វឺនរៀនសូត្រ និងជួយដល់ប្រជាពលរដ្ឋ នៅពេលណាពួកគាត់មានតម្រូវការជួយដោះស្រាយ ត្រូវអនុវត្តទៅតាមតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។ ជាមួយគ្នានោះត្រូវប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ និងរួមគ្នាបង្ការ ទប់ស្កាត់ និងវាយបក ឲ្យបានទាន់សភាពការណ៍ ដែលប៉ុនប៉ងធ្វើឲ្យសង្គមកម្ពុជា ធ្លាក់ក្នុងសង្គ្រាម និងភាពអសកម្មនានា។

នៅក្នុងខណៈនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បានប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ដល់សិក្ខាកាម និងផ្តល់ជូនថវិកាមួយចំនួន ដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ព្រមទាំងចុះពិនិត្យឃ្លាំងផ្ទុកគ្រាប់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង