រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់៖ យុវជនត្រូវបន្តយន្តការរួម ផែនការរួម សកម្មភាពច្រើន ដោយធ្វើទៅឲ្យព្រមៗគ្នា

  • 794
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានជម្រុញដល់យុវជនជំនាន់ក្រោយ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងចេះយោគយល់អធ្យាស្រ័យ សន្តោសប្រណីគ្នាទៅវិញទៅមក ធ្វើយ៉ាងណាបន្តយន្តការរួម ផែនការរួម សកម្មភាពច្រើន ដោយធ្វើទៅឲ្យព្រមៗគ្នាតែម្តង ដើម្បីឈានទៅទទួលបានភាពខ្លាំង និងភាពឈ្នះទាំងអស់គ្នា នៅថ្ងៃអនាគត។  

ឯកឧត្តមបានជម្រុញបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានអាជីព និងមិនអាជីពក្នុងខេត្ត ក្រុមការងារប្រតិកម្មរហ័ស សម្ពន្ធយុវជនស្រលាញ់សន្តិភាព និងក្រុមការងារបណ្តាញសង្គម ក្រុងស្រុកទាំង៧ សរុបមាណជាង៩០នាក់។  

អង្គប្រជុំបានផ្តល់ឱកាសឲ្យយុវជន អ្នកសារព័ត៌មានអាជីព និងមិនអាជីពទាំងអស់ លើកឡើងពីចំណុចវិជ្ជមាន និងអវិជ្ជមាន ជុំវិញការផ្តិតយករូបភាព និងការប្រមូលព័ត៌មាន រួមទាំងការបង្ហោះផ្សព្វផ្សាយទៅក្នុងបណ្តាញសង្គមផងដែរ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់យុវជន អ្នកសារព័ត៌មានអាជីព និងមិនអាជីពយើងទាំងអស់ ដោយគិតមកទល់ពេលនេះ យើងមានសន្ទុះរីកចម្រើនគួរជាទីមោទន។ ទន្ទឹមនឹងភាពរីកចម្រើននេះ ប្អូនៗជាយុវជន ក៏ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងត្រូវសម្រិតសម្រាំងរូបភាព ខ្លឹមសារអត្ថបទ អក្ខរាវិរុទ្ធ មុននឹងសម្រេចចិត្តបង្ហោះផ្សព្វផ្សាយទៅក្នុងបណ្តាញសង្គមFacebook ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ព្រោះថាបើកយើងបង្ហោះទៅដោយគ្មានការគិតពិចារណាឲ្យបានល្អិតល្អន់ នោះវានឹងកើតមានបញ្ហាប្រឈម(គុណវិបត្តិ) ច្រើនជាងគុណសម្បត្តិ។

ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែលកើតមានឡើងសព្វថ្ងៃ គឺដោយសារកត្តាសាមគ្គីភាព ដូច្នេះប្អូនៗយុវជនសុទ្ធសឹងជាបញ្ញវ័ន្ត ត្រូវប្រើប្រាស់ភាពវ័យឆ្លាត រហ័សរហួន និងភាពប៉ិនប្រសព្វ បូករួមទាំងអត្តចារឹក ទង្វើ និងសកម្មភាពរបស់ខ្លួន ប្រកបដោយពាក្យពេចន៍ផ្អែមល្ហែម មុតស្រួច និងមានតម្លៃ មិនមែនឲ្យមើលតែបុគ្គលគ្នាឯងនោះទេ គឺតម្រូវឲ្យប្រជាពលរដ្ឋទូទៅគ្រប់មជ្ឈដ្ឋានមើលទាំងអស់គ្នា។

ឯកឧត្តមបានស្នើដល់លោកអភិបាលរងខេត្តទទួលបន្ទុកការងារយុវជន ត្រូវរៀបចំរចនាសម្ព័ន្ធសារជាថ្មី និងបង្កើតGroupsរួមមួយ ដោយមានកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យបានស្អិតរមួត ងាយស្រួលបោះព័ត៌មានទាន់ហេតុការណ៍ ឬព័ត៌មានក្លែងក្លាយ ធ្វើការបង្ហោះ និងវាយបកឲ្យបានទាន់ពេលវេលា។ យើងដឹងហើយថា សកម្មភាពដែលធំបំផុតនាពេលបច្ចុប្បន្ន គឺការងារនយោបាយ ការងារអភិវឌ្ឍន៍ និងតម្លៃនៃសុខសន្តិភាព បើគ្មានអតីតកាល ក៏អត់មានបច្ចុប្បន្ននោះដែរ ហើយតទៅមុខ ប្អូនៗត្រូវបន្តផ្លាស់ប្តូរមតិយោបល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីឈានទៅទទួលបានភាពខ្លាំង និងភាពឈ្នះទាំងអស់គ្នា នៅថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានទទួលដោះស្រាយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរមួយចំនួន ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង