រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនធំ ពីព្រះគ្រូចៅអធិការវត្តព្រែកស្តី សម្រាប់ប្រើប្រាស់ការងារមនុស្សធម៌ (Video inside)

  • 694
  • ដោយ Admin

(ពោធិ៍សាត់)៖ កន្លងមកនេះព្រះតេជគុណ នៅ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបីតិហៅព្រែកស្ដី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ តែងតែបានជួយកសាង និងបរិច្ចាកស្បៀង គ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ដល់ស្ថាប័ននាដូចជា សាលាខេត្ត វិស័យអប់រំ មន្ទីរពេទ្យ កាកបាទក្រហម កងទ័ព កុមារកំព្រា និងវត្តអារាម ដែលមានការខ្វះខាតជាដើម ដើម្បីចូលរួមការងារមនុស្សធម៌ ជាមួយផ្នែកខាងអាណាចក្រ។

ជាក់ស្តែងនាព្រឹកថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រះតេជគុណមានទឹកព្រះទ័យជ្រះថ្លា ចូលរួមជាមួយចលនាកាកបាទក្រហម និងមន្ទីរពេទ្យបង្អែកខេត្ត ដោយបានផ្តល់ថវិកា គ្រឿងឧបភោគបរិភោគ កន្ទេល ភួយ មុង និងសម្ភារៈ១៥មុខផ្សេងទៀត ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋគ្រប់ប្រភេទ ដែលខ្វះខាត និងរងគ្រោះដោយប្រការផ្សេងៗ។

ពិធីប្រគល់ទទួលត្រូវបានធ្វើឡើងនៅលើសាលាឆាន់វត្តព្រែកស្តី ដោយបានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងសមាជិក សមាជិកា អមដំណើរជាច្រើនរូបផ្សេងទៀត។

ព្រះតេជគុណ នៅ សុគន្ធថៃ មានសង្ឃដិកាថា សម្ភារៈ និងគ្រឿងឧបភោគបរិភោគទាំងអស់នេះ បានមកពីសប្បុរសជន និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ យកមកប្រគេនដល់ព្រះអង្គ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ និងចាត់ចែងក្នុងវត្ត។ ដោយសារលើសពីតម្រូវការ ព្រះអង្គបានបែងចែកសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងមួយចំនួនទៀត ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីចូលរួមចំណែក ទុកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាត រងគ្រោះដោយគ្រោះធម្មជាតិ និងប្រការផ្សេងៗ ជាពិសេសគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះផ្ទះ និងខ្យល់ព្យុះរលំផ្ទះជាដើម។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរព្រះគុណ ចំពោះព្រះតេជគុណ នៅ សុគន្ធថៃ ហៅលោកតាហួរ ដែលព្រះអង្គមានទឹកព្រះទ័យ រំលែកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្ត ដែលនេះមិនមែនជាលើកទីមួយនោះទេ។ ទង្វើររបស់ព្រះអង្គ ពិតជាចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌យ៉ាងពិតប្រាកដ និងជាគម្រូល្អ ដល់វត្តដទៃទៀតផងដែរ។ ឯកឧត្តមប្រធានគណៈកម្មាធិការ បានសន្យានឹងយកសម្ភារៈទាំងនេះ ទុកចែកជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ប្រភេទ ដែលរងគ្រោះដោយប្រការណាមួយ ស្របតាមគោលការណ៍ទាំង៧ប្រការ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ឯកឧត្តមបានរំពឹងនឹងយកសម្ភារៈទាំងអស់ ទៅផ្គត់ផ្គង់ដល់ស្រុកតាលោសែនជ័យជាមុន ពីព្រោះស្រុកនេះគឺជាស្រុកកូនពៅ ទើបនឹងបង្កើតថ្មី ដែលកាត់មួយផ្នែកចេញពីស្រុកបាកាន និងមួយផ្នែកទៀតពីស្រុកភ្នំក្រវាញ៕

Ti Amo (ពស)

អត្ថបទទាក់ទង