រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តពោធិ៍សាត់ ណែនាំអ្នកម៉ៅការភាស៊ី តម្លើកាមេរ៉ាសុវត្ថិភាពគ្រប់ច្រកចេញចូល នៃផ្សារនីមួយៗ និងមិនឲ្យយកភាស៊ីពីជនចាស់ជរា កុមារតូចៗ ដែលលក់ដូរបន្តិចបន្តួច (Video inside)

ដោយ Adminចំនួនទស្សនា (61)

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះពិនិត្យដោយផ្ទាល់ និងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលកំពុងរកទទួលទាន ក្នុងផ្សារចំនួន២ រួមមានផ្សារត្រពាំងជង ក្នុងឃុំត្រពាំងជង និងផ្សារបឹងខ្នារ ក្នុងឃុំបឹងខ្នារ ស្រុកបាកាន។

ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា នេះគឺជាទម្លាប់ដែលកន្លងមក ឯកឧត្តមតែងតែចុះជាប់ជាប្រចាំ នៅគ្រប់ផ្សារទាំង១១ ទូទាំងខេត្តពោធិ៍សាត់ ដើម្បីក្តាប់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ ក្នុងផ្សារទាំងអស់។ ឯកឧត្តមក៏បានត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការថែទាំង អនាម័យ-បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសការសម្រួល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ សម្តៅរួមចំណែកអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ម៉ៅ ធនិន បានក្រើនរម្លឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តការពារសន្តិសុខ សុវត្ថិភាព ជូនអាជីវករនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ហើយរឹតតែពិសេសទៅទៀតនោះ អ្នកទទួលម៉ៅការភាស៊ីគ្រប់ផ្សារទាំងអស់ ត្រូវតម្លើងកាមេរ៉ាសុវត្ថិភាព នៅតាមច្រកចេញចូលនៃផ្សារនីមួយៗ ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម ដោយមិនត្រូវទុកឲ្យពួកគាត់រស់នៅក្នុងភាពរងារ និងភ័យខ្លាចនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត បានប្រាប់ឲ្យអាជីវករទូរស័ព្ទ ទៅលោកជាបន្ទាន់ ក្នុងករណីដែលមានភាពមិនប្រក្រតីណាមួយកើតមានឡើងនៅក្នុងផ្សារ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនថវិកាបន្តិចបន្តួចដល់លោកតា លោកយាយ និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ពីឆ្នាំ៦០ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីស្រែ លាស ខ្ចៅខ្យង…បន្តិចបន្តួចនោះឡើយ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តចុះពិនិត្យការដ្ឋានសាងសង់អគាសិក្សាមួយខ្នង មាន៥បន្ទប់ រួមទាំងរបង និងក្លោងទ្វា ក្នុងសាលាមត្តេយ្យសិក្សាតាលោ និងអនុវិទ្យាល័យតាលោ ស្រុកតាលោសែនជ័យ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី។ ឆ្លៀតឱកាសនោះ ឯកឧត្តមបានជួបសំណេះសំណាល និងបានណែនាំឱ្យក្មួយៗសិស្សានុសិស្សា ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ ដើម្បីឈោងចាប់នូវអនាគតដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 18 ម៉ោងមុន