រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បើកកិច្ចប្រជុំត្រួតពិនិត្យការកាប់ទន្ទ្រានដីព្រៃសហគមន៍ តំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់

  • 1.0ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ដោះស្រាយ និងចាត់វិធានការយ៉ាងក្តៅគគុក ចំពោះជនខិលខូចមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីសហគមន៍ តំបន់ការពារធម្មជាតិស្ទឹងថ្មី ក្នុងដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរស្រុក ឃុំ ប្រធានសហគមន៍ តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងជំនាញរបស់ក្រសួងបរិស្ថានជាច្រើនផ្សេងទៀត។

នាឱកាសនោះ ឯកឧត្តម​ សាយ​ សំអាល់​ បានលេីកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធ និងដៃគូចូលរួមរអភិវឌ្ឍន៍តំបន់សហគមន៍នេះ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការធ្វើផ្លូវថ្នល់ ទឹកស្អាត ផ្តល់នូវចំណេះដឹងលើការចិញ្ចឹមសត្វ ដើម្បីប្រជាសហគមន៍អាចដោះស្រាយជីវភាព រស់នៅបានធូរធារ។ ក្រៅពីនេះក្រសួងបរិស្ថាននឹងចូលរួមសហការជាមួយក្រសួងសុខាភិបាល​ លុបបំបាត់នូវជំងឺគ្រុនចាញ់  ជំងឺគ្រុនឈាម ជំងឺអេដស៍ ក៏ដូចជាជួយលើវាក់សាំងបង្ការរោគជំងឺមួយចំនួន តាមសហគមន៍ផងដែរ។

ក្នុងកិច្ចប្រជុំ​ក៏មានការលើកឡើង ជុំវិញបញ្ហាជនល្មើសបានទន្រ្ទានឈូសឆាយដីតំបន់សហគមន៍ មកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដែលនឹងត្រូវចាត់វិធានការផ្លូវច្បាប់នាថ្ងៃខាងមុខ។

សូមបញ្ជាក់ថា ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស​ មានផ្ទៃក្រឡា៣សែនហិកតា លាតសន្ធឹងនៅក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ដែលចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣៕

Ti Amo (ពស)

អត្ថបទទាក់ទង