រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អង្គកឋិនទានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ដង្ហែទៅកាន់វត្តស្រះស្រង់ ប្រមូលបច្ច័យបានជាង៨០លានរៀល

ដោយ Adminចំនួនទស្សនា (91)

(ពោធិ៍សាត់)៖ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឯកភាពគ្នាផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីមួយ ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាវត្តស្រះស្រង់ ស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ប្រមូលបច្ច័យបានជាង៨០លានរៀល សម្រាប់កសាងសមិទ្ធផលក្នុងវត្តស្រះស្រង់ ក្រៅពីនោះបែងចែកទៅវត្តអត្តខាត់នានានៅក្នុងខេត្តបន្តទៀត។

បុណ្យកឋិនទានសមាគមនេះ ត្រូវបានប្រារព្ធធ្វើនៅស្នាក់ការគណបក្សខេត្ត បន្ទាប់ពីជួបជុំឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់ដើមទាន ប្រធានដើមបុណ្យ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបានធ្វើពិធីនមស្សកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ទៅតាមគន្លងនៃព្រះពុទ្ធសាសនា។

ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ បងប្អូនអាជីវករ និងពុទ្ធបរិស័ទទាំងក្នុងខេត្ត ក្រៅខេត្ត បានចូលរួមចាប់មគ្គផលបុណ្យកឋិនទាន សមាគមរបស់គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងចំណុះជើងវត្ត ព្រមទាំងសូមអនុមោទនា ទទួលយកនូវអានិសង្សតាមកម្លាំងជ្រះថ្លាររៀងៗខ្លួន។ ឯកឧត្តមបានបន្ថែមថា យើងទាំងអស់គ្នាបានមកជួបជុំធ្វើបុណ្យធ្វើទាននាពេលនេះ ដោយសារប្រទេសជាតិយើង មានសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមជួយថែរក្សាការពារ សុខសន្តិភាព និងសមិទ្ធផលដែលកើតមានសព្វថ្ងៃបានគង់វង្សយូរអង្វែងតទៅទៀត។

*សូមបញ្ជាក់ថា កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ហើយបើទីអារាមណា មិនមានអង្គកឋិនហែរចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់។

កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ។ ក្នុងវត្តមួយ បើគ្មានភិក្ខុចាំវស្សា សោះ វត្តនោះក៏មិនអាចហែរ កឋិនចូលបានដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ យ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គ ដែលបានចាំវស្សា អស់រៈពេល ៣ខែ បានត្រឹមត្រូវទាំងបព្វជិត ទាំងគ្រហស្ថ អាចធ្វើកឋិនទានបានដូចគ្នាព្រះពុទ្ធជាម្ចាស់ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលកឋិន គឺក្រាលគ្រងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃ ហើយការសម្រាល ទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុ ដែលចូល វស្សា អស់ត្រីមាស បានត្រឹមត្រូវ មិនដាច់វស្សានោះ៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 20 ម៉ោងមុន