រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវឲ្យបងប្អូនប្រជាកសិករ បន្តខិតខំបង្កើនផល និងយកពូជស្រូវដែលចែកជូន ទៅសាបព្រោះឲ្យចំទិសដៅ (Video inside)

  • 573
  • ដោយ Admin
https://www.youtube.com/watch?v=Ks0QHNT8G3M&feature=youtu.be

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានអំពាវនាវដល់ប្រជាកសិករ ត្រូវបន្តខិតខំបង្កបង្កើនផល និងគប្បីយកពូជស្រូវទាំងនេះ ធ្វើការសាបព្រោះឲ្យចំទិសដៅ និងក្រុមគ្រួសារ សំដៅធ្វើយ៉ាងណាឲ្យជីវភាព របស់បងប្អូនបានធូរស្រាលមួយកម្រិត។

ឯកឧត្តមបានអំពាវបែបនេះ នៅបរិវេណវិទ្យាល័យអូរតាប៉ោង ស្រុកបាកាន ក្នុងពិធីចែកពូជស្រូវសែនក្រអូប ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១២៩.០៥តោន ទៅផ្តល់ជូនបងប្អូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត កាលពីអំឡុងពេលកន្លងទៅ ចំនួន៥១១គ្រួសារ មកពីភូមិចំនួន៤ រួមមានភូមិនិគមន៍លើ ភូមិស្វាយដូនកែវ ភូមិកំពោតអាង និងភូមិកំប៉ាង ក្នុងឃុំស្វាយដូនកែវ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម, ឯកឧត្តមជាសមាជិក(គ.ជ.គ.ម), ប្រតិភូថ្នាក់ជាតិ អាជ្ញាធរខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ផាយ ឡេង អភិបាលនៃគណអភិបាលស្រុកបាកាន បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០១៩នេះ ការងារបង្កបង្កើនផលសម្រេចបាន៤០ពាន់ហិកតា ស្មើនឹង១០៣.០៣% លើផែនការ ចំនួន ៣៨.៩១៦ហិកតា។ ក្នុងរដូវវស្សាកន្លងមកនេះ ស្រុកបាកាន ជួបនឹងគ្រោះធម្មជាតិជាអន្លើ បណ្តាលឲ្យខូចខាត ស្រូវ របស់ប្រជាកសិករ ផ្នែកខាងក្រោមអស់៧,៧១៤ហិកតា ហើយដំណាំស្រូវមួយចំនួនទៀត ផ្នែកខាងលើ បានស្តាឡើងវិញ១០០% ដោយមានប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល។ សម្រាប់ពេលនេះប្រជាកសិកររងគ្រោះដោយរាំងស្ងួត ក្នុងរដូវវស្សា៤ភូមិ ក្នុងឃុំស្វាយដូនកែវ ចំនួន៥១១គ្រួសារ បានទទួលយកពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងមួយគ្រួសារ ទទួលបាន១០០គីឡូក្រាម សម្រាប់ស្តារឡើងវិញ លើផ្ទៃដី១,៧៤៣ហិកតា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានអញ្ជើញចូលរួមចុះចែកស្រូវពូជផ្ទាល់ បានថ្លែងថា ផ្តើមចេញពីការគិតគូ ដោះស្រាយ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតដោយសារគ្រោះធម្មជាតិ ធ្វើឲ្យដំណាំស្រូវទទួលរងការខូចខាត ដោយសារគ្រោះរាំងស្ងួតនោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ពូជស្រូវ ជូនដល់បងប្អូនប្រជាកសិករណា ដែលមានលទ្ធភាពស្តារឡើងវិញ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃនេះ ប្រជាកសិករ៤ភូមិ ចំនួន៥១១គ្រួសារ ក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន បានទទួលយកពូជស្រូវ សែនក្រអូប ដោយក្នុងមួយគ្រួសារ ចំនួន១០០គីឡូក្រាម សម្រាប់ផ្ទៃដីស្តាឡើងវិញនៅចុងរដូវចំនួន ១,៧៤៣ហិកតា។ ឯកឧត្តម បានថ្លែងទៀតថា គឺមានតែការអនុវត្តបែបនេះទេ ទើបធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាកសិករ បានរួចផុតពីភាពក្រីក្រ។

នៅថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានបន្តចុះពិនិត្យស្ថានភាព ការប្រមូលផលស្រូវរដូវវស្សា និងប្រព័ន្ធស្រោចស្រពប្រឡាយមេដំណាក់អំពិល ក្នុងភូមិសាស្ត្រប៉ែកខាងលើ របស់ស្រុកបាកាន និងចុះដោះស្រាយ ជូនប្រជាពលរដ្ឋដែលទទួលការប៉ះពាល់នៅត្រង់ចំណុចបឹងស្តុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដោយការដ្ឋានសាងសង់ប្រឡាយដំណាក់ឈើក្រំ។ ក្នុងខណៈនោះឯកឧត្តម បានស្នើឲ្យមន្ទីរធនធានទឹកឧតុនិយមខេត្ត រដ្ឋបាលស្រុកតាលោសែនជ៍យ និងអ្នកម៉ៅការការដ្ឋាន សហការគ្នាជួយសម្រួល ដោះទឹកចេញពីតំបន់នេះ ដើម្បីកុំឲ្យខូចខាតផលដំណាំរបស់ប្រជាកសិករយើង៕

Ti Amo (ពស)

https://www.facebook.com/pursatprovincialhall855/videos/2519994698290301/

អត្ថបទទាក់ទង