(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីបញ្ចប់ពិធីចែកពូជស្រូវសែនក្រអូប ជូនបងប្អូនប្រជាកសិករ មកពី៤ឃុំ ក្នុងស្រុកបាកានរួចមក, ឯកឧត្តមបានបន្តចុះសម្របសម្រួល ដោះស្រាយសំណូមពរ បញ្ហាប្រឈម ទំនាស់ដីធ្លី រួមទាំងទំនាស់ផ្សេងៗ ទាំង១៣ករណី បញ្ចប់ដោយជោគជ័យ ក្រៅប្រព័ន្ថតុលាការ ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា។
ពិធីនេះធ្វើឡើង ចាប់ពីម៉ោង០៩ និង៣០នាទីព្រឹក រហូតដល់ម៉ោង០២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសាលាឃុំបឹងខ្នារ ស្រុកបាកាន ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ និងភាគីដែលមានការពាក់ព័ន្ធជាច្រើននាក់ទៀត។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការចុះមកសម្របសម្រួល ដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ផ្សេងៗ ដល់ឃុំផ្ទាល់នាពេលនេះ គឺដើម្បីបន្សំាខ្លួនខិតកៀកឲ្យជិត ចូលទៅក្នុងសុខទុក្ខគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋ និងក្នុងនាមជា បង ប្អូន កូន ក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត។ ជាក់ស្តែងទំនាស់ទាំង១៣ករណីខាងលើនេះ ត្រូវបានឯកឧត្តម ចារឲ្យអាជ្ញាធរ ឃុំ ស្រុក សម្របសម្រួល៧ថ្ងៃកន្លងមកហើយ តែនៅមិនទាន់គ្រប់អង្គហេតុ និងភាគីពាក់ព័ន្ធ ដែលដឹងឮច្បាស់លាស់ ទើបឯកឧត្តមជ្រើសរើសថ្ងៃនេះ ដើម្បីដោះស្រាយបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ នៅមូលដ្ឋានភូមិឃុំផ្ទាល់។
ថ្នាក់ដឹកនាំខេត្តរូបនេះ បានផ្តាំផ្ញើដល់ភាគីទំនាស់ទាំងសង្ខាង «សូមកុំចង់ឈ្នះ ចង់ចាញ់គ្នា ព្រោះគ្មានអ្វីដែលនៅសេសសល់ទេ គឺមានតែការខាតបង់ពេលវេលា ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ...។ល។ ឯកឧត្តមបានផ្តាំផ្ញើបន្ថែមដល់អាជ្ញាធរស្រុក ឃុំ ភូមិ រួមទាំងមេប៉ុស្តិ៍ ត្រូវប្រើប្រាស់តួនាទីជាឳពុកម្តាយដ៏ល្អ ចូលរួមសម្របសម្រួល ដោះស្រាយ សំណូមពរ បញ្ហាប្រឈមប្រជាពលរដ្ឋ ដើម្បីជាភាពសុខសាន្តមូលដ្ឋានរបស់យើង។
សូមបញ្ជាក់ថា បញ្ហាទំនាស់ខាងលើរួមមាន ទំនាស់ដីធ្លីសុំបើកផ្លូវ ទំនាស់បោះបង្គោលចំកណ្តាលផ្លូវរទះ ទំនាស់លែងលះគ្នា ទំនាស់ទិញដីចូលគ្នា ទំនាស់បង្កើតផ្លូវថ្មីបះដីចំណីប្រជាពលរដ្ឋ ទំនាស់ដីធ្លីដោយសារចងការប្រាក់ ទំនាស់លួចបូមទឹក លួចប្រេង និងប្រើម៉ូទ័រផ្សារ ទំនាស់ដណ្តើមកេរ្តិ៍មរតក។
រាល់ដំណោះស្រាយរបស់ឯកឧត្តមអភិបាលខេត្ត ត្រូវបានប្រជាពលរដ្ឋទទួលសាទរ និងសរសើរមិនដាច់ពីមាត់ ដោយម្នាក់ៗមានទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលមានព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍សុក្រឹត្យ និងយុត្តិធម៌ មិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់ជូនអភិបាលខេត្តដ៏ល្អ និងសូមឲ្យបន្តយន្តការ ក្នុងខេត្តនេះជារៀងរហូត។
ក្នុងកិច្ចដំណោះស្រាយខាងលើ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនអាហារសម្រន់នំប៉័ង និងទឹកបរិសុទ្ធ សម្រាប់ពិសាជួបជុំគ្នាជាលក្ខណៈគ្រួសារ ទៅតាមទម្លាប់ដូចរាល់ដងផងដែរ៕
Ti Amo (ពស)