រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ទេសរដ្ឋមន្ត្រី គន់ គីម នាំយកពូជស្រូវសែនក្រអូបជាង១០០តោន ជូនកសិកររងគ្រោះរាំងស្ងួត នៅខេត្តពោធិ៍សាត់

  • 521
  • ដោយ Admin

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកពូជស្រូវសែនក្រអូប ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១២៩.៥តោន ទៅផ្តល់ជូនបងប្អូនប្រជាកសិករ  ចំនួន១,២៥៨គ្រួសារ មកពីឃុំចំនួន៤ រួមមានឃុំស្វាយដូនកែវ ឃុំបឹងបត់កណ្តោល ឃុំអូរតាប៉ោង និងឃុំមេទឹក ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត កាលពីអំឡុងពេលកន្លងទៅ។

ពិធីនេះប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យអូរតាប៉ោង ស្រុកបាកាន ដោយបានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ប្រតិភូថ្នាក់ជាតិ អាជ្ញាធរខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

របាយការណ៍រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទឹកជំនន់ និងគ្រោះរាំងស្ងួត បានធ្វើឱ្យប៉ះពាល់ផ្ទៃប្រមាណ ១,២៩១ហិកតា។

ថ្លែងក្នុងឱកាសចែកស្រូវពូជនោះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បានជម្រាបប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានជាប់ជានិច្ច ចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកទន្លេមេគង្គ ជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតនាពេលកន្លងមក ហើយបានក្រើនរំលឹកដាស់តឿន ដល់គណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកគ្រាប់ពូជស្រូវចែកជូនបន្ទាន់ដល់ប្រជាកសិករ ដើម្បីបន្តដាំដុះ និងស្តារឡើងវិញ។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រុញឱ្យប្រជាកសិកររូតរះ ក្នុងការភ្ជួររាស់ ដាំដុះ ដកស្ទួង ឱ្យបានទាន់រដូវកាលទឹកសម្រក និងបានក្រើនរំលឹកឲ្យប្រជាកសិករ ត្រូវខិតខំធ្វើការថែបំប៉ននៅស្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ។

ប្រជាពលរដ្ឋដែលទទួលបានពូជស្រូវ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់។ ជាពិសេសតែងបានចាត់ចែងមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជួយដោះស្រាយរាល់ការលំបាករបស់ពួកគាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង