រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រុមហ៊ុនជីនអេឡិកត្រិច (CHINT ELECTRIC CO.,LTD) របស់ចិន ចង់មកវិនិយោគរោងចក្រផលិតគ្រឿងអគ្គិសនី នៅលើទឹកដីនៃខេត្តពោធិ៍សាត់

  • 1.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យគណៈប្រតិភូ ដឹកនាំដោយ លោក Chengjian Chen អគ្គនាយកក្រុមហ៊ុនជីនអេឡិចត្រិច (CHINT ELECTRIC CO.,LTD) ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងការចង់មកវិនិយោគរោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនី ដូចជាត្រង់ស្វូ និងគ្រឿងឧបករណ៍ផ្សេងៗទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់។

ក្នុងជំនួបខាងលើ ត្រូវបានធ្វើឡើងនៅសាលបន្ទប់រងចាំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ទីរដែលមានការពាក់ព័ន្ធផ្សេងទៀត។

បន្ទាប់ពីជម្រាបជូនពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ មានវិស័យសេដ្ឋកិច្ចដ៏សំខាន់ៗ រួចមក ឯកឧត្តម ម៉ៅ ធនិន ជួសមុខឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើការអំពាវនាវដល់វិនិយោគិនចិន ចូលមកបណ្តាក់ទុនថែមទៀត នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ព្រមទាំងបានសន្យាផ្តល់ជូនការសម្របសម្រួលពិសេស ចំពោះគម្រោងវិនិយោគនានា។

លោក Chengjian Chen បានបង្ហាញអារម្មណ៍កក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានចែក​រំលែក​ព័ត៌មានសំខាន់ៗ ទាក់ទងវឌ្ឍនភាព ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តពោធិ៍សាត់។ លោកប្រធានក្រុមហ៊ុន បានឲ្យដឹងផងដែរថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយវិនិយោគិនចិន កាលពីពេលថ្មីៗនេះ ក្នុងនាមក្រុមហ៊ុនជីនអេឡិចត្រិច លោកពិតជាមានទំនុកចិត្ត ចង់មកវិនិយោគនៅក្នុងប្រទេសកម្ពជា ជាពិសេសខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ លោកក៏បានសន្យាជួយ​ជំរុញ​វិនិយោគិនពីទីក្រុងសៀងហៃ ឱ្យចូលមកស្វែងយល់អំពីសក្តានុពលនៅក្នុងខេត្តនេះឲ្យកាន់តែច្រើន។ ហើយប្រសិនបើមានតម្រូវការបន្ថែមទៀតនៅពេលខាងមុខ លោកនឹងបន្តពង្រីកវិសាលភាពវិយោគបន្ថែមទៀតលើបរិក្ខាអគ្គិសនីផ្សេងៗទៀត ដូចជា បន្ទះសូឡា នាឡិកាស្ទង់អគ្គិសនីជាដើម។

ជាមួយគ្នានោះ លោក Chengjian Chen ក៏បានគោរពអញ្ជើញប្រតិភូថ្នាក់ដឹកនាំខេត្ត ទៅចូលរួមទស្សនៈកិច្ច និងចូលរួមតាំងពិព័រណ៌ ផលិតផលនាំចេញ-នាំចូល នៅទីក្រុងសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលនឹងត្រូវធ្វើឡើងនាអំឡុងខែវិច្ឆិកាខាងមុខ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រមុខថ្នាក់ដឹកនាំចិន៕

Ti Amo (ពស)

អត្ថបទទាក់ទង