រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រធានគណបក្សពន្លឺថ្មី និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកសរសើរពីការដឹកនាំរបស់អភិបាលខេត្តពោធិ៍សាត់ (Video inside)

  • 1.2ពាន់
  • ដោយ Admin

https://www.youtube.com/watch?v=S_D15DUn3-c&feature=youtu.be

(ពោធិ៍សាត់)៖ ទៅតាមទម្លាប់ នៅរៀងរាល់២ថ្ងៃ ក្នុងមួយសប្តាហ៍ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងតែទទួលជួបសំណេះសំណាល និងដោះស្រាយនូវរាល់បញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុកក្រុងមួយចំនួន ទូទាំងខេត្តពោធិ៍សាត់។

ជាក់ស្តែងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ មានបងប្អូនពុកម៉ែប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ ជាច្រើនអង្គ/នាក់ បាននិមន្ត និងចូលមកសាលាខេត្តដោយផ្ទាល់ ដើម្បីលើកពីបញ្ហាប្រឈម ជូនឯកឧត្តមអភិបាល ដែលជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ធ្វើការដោះស្រាយរួមគ្នា។ ក្នុងកិច្ចដំណោះស្រាយនេះផងដែរ ក៏បានការអញ្ជើញចូលរួមស្តាប់ ពីឯកឧត្តម នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំងប្រតិអមដំណើរជាច្រើននាក់ទៀត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា បច្ចុប្បន្នលោកកំពុងបំពេញតួនាទីពីរ៖ ទី១-តួនាទីរដ្ឋបាល គឺលោកមានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឲ្យប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ។ ទី២-គឺលោកជាសាច់ញាតិ ជាបង ជាប្អូន ជាកូន ជាក្មួយ និងជាសមាជិកគ្រួសារ របស់ប្រជាពលរដ្ឋជាង៤៧ម៉ឺននាក់ ទូទាំងខេត្តពោធិ៍សាត់ ដែលត្រូវជួយចែករម្លែកនូវសេចក្តីសុខ និងទុក្ខលំបាកជាមួយគ្នា គ្រប់ពេលវេលា។ ឯកឧត្តមបានឲ្យដឹងថា លោកមិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ មានភាពអយុត្តិធម៌ ឬប្រព្រឹត្តភាពសាហាវឃោរឃៅ នៅក្នុងខេត្តរបស់លោកឡើយ។ ជាទូទៅព័ត៌មានដែលផ្តល់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈទូរស័ព្ទផ្ទាល់របស់លោក គឺត្រូវបានដោះស្រាយ និងចាត់វិធានការបានទាន់​ពេលវេលា។ ដូច្នេះ «គ្មានរឿងអីដែលត្រូវពិបាកដោះស្រាយនោះទេ ឲ្យតែយើងមានឆន្ទៈក្នុងការដោះស្រាយ កុំឲ្យតែមានអំពើពុករលួយមោបាំង នៅពីក្រោយខ្នងយើង»។

ជាមួយនឹងការចូលរួមស្តាប់ផ្ទាល់ពីឯកឧត្តម នួន សុខាវី ដែលជាប្រធានគណបក្សពន្លឺថ្មី និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, ឯកឧត្តមក៏បានថ្លែងការកោតសរសើរ ចំពោះឧត្តមគតិ នៃការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងស្នើដល់អភិបាលទូទាំង២៥រាជធានី/ខេត្ត គួរតែយកគម្រូតាមអភិបាលខេត្តរូបនេះ។ ក្នុងនាមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឯកឧត្តមបានលើកឡើងពីបញ្ហាទំនាស់ដីធ្លីនៅខេត្តកោះកុង គឺជារឿងមួយដែលឈឺក្បាលបំផុត បើមានការដោះស្រាយដូចរូបលោកអភិបាលខេត្តពោធិ៍សាត់ វាគឺជារឿងមួយដែលល្អបំផុត នោះទំនាស់ដែលមាននៅក្នុងប្រទេសកម្ពុជា គ្មានការកើនឡើង មានតែថយថុះ។ ឯកឧត្តមក៏បានលើកឡើងបន្ថែម ពីការដឹកនាំបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់ ជាប្រយោជន៍ និងកេរ្តិ៍តំណែលសម្រាប់ជាតិដ៏សំខាន់ គឺឯកឧត្តមអភិបាលខេត្ត បានយកឈើដែលបង្ក្រាបបាន ទៅសាងសង់ជាវេទិកាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅបរិវេណសាលាខេត្ត ដើម្បីរក្សានូវវប្បធម៌  ទំនៀមទំលាប់ប្រពៃណីខ្មែរ តាំងពីសម័យបូរាណកាលមក។

ឯកឧត្តម នួន សុខាវី ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៦ គឺលោកចង់បានថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំខេត្ត ដែលមានឧត្តមគតិ ក្នុងការដោះស្រាយ និងរកដំណោះស្រាយ តាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មានគណបក្សនយោបាយ ឬគណបក្សប្រឆាំងណា មកយកឈ្នះលើអំពើល្អរបស់ឯកឧត្តម ដែលបានធ្វើចំពោះប្រជាពលរដ្ឋ ដូចសព្វថ្ងៃនោះបានឡើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង