ព្រះបាឡាត់គណខេត្តពោធិ៍សាត់ និងអភិបាលស្រុកកណ្តៀង ព្រមទាំងចៅអធិការ៤វត្តផ្សេងទៀត បង្កើតពិធីអុំទូកសាកល្បង អបអរពិធីបុណ្យភ្ជុំបិណ្ឌ មានពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ

(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលស្រុកកណ្តៀង បានប្រារព្ធពិធីអុំទូកសាកល្បង ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាព លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងព្រះតេជគុណ កែវ កន ព្រះបាឡាត់គណខេត្ត និងជាចៅអធិការវត្តកែវវិជ័យ ដោយមានការនិមន្ត និងអញ្ចើចូលរួម ពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ នៅប្របមាត់ស្ទឹង ទល់មុខវត្តនទីមង្គល ( ហៅវត្តកំពង់ក្រសាំង) ស្ថិតក្នុងភូមិកំពង់ក្រសាំង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ការអុំទូកសាកល្បងនេះ មិនមែនដើម្បីប្រគួតប្រជែងជ្រើសរើសជើងឯក ធ្វើការប្រឡងប្រណាំងនៅថ្នាក់ជាតិនោះទេ គឺដើម្បីអបអរសាទរ និងធ្វើឲ្យមានភាពឱឡារិក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលទើបតែបញ្ចប់ នាព្រឹកមិញ ក្រោមគំនិតផ្តួចផ្តើមពី តេជគុណ កែវ កន ព្រះបាឡាត់គណខេត្ត និងជាចៅអធិការវត្តកែវវិជ័យ និងរដ្ឋបាលស្រុកកណ្តៀង ព្រមទាំងចៅអធិការទាំង៤វត្តផ្សេងទៀត។
សូមបញ្ជាក់ថា ទូកដែលចូលរួមប្រកួត មានចំនួន៣គូ រួមមាន៖
១-កណ្តៀងមានជ័យបារមីមានរិទ្ធ
២-បារមីកែវវិជ័យសិរីពោធិ៍សាត់
៣-ចំប៉ាជ័យ កែវជ័យ
៤-នទីមង្គលកម្ពុជ រតនៈមានជ័យ
៥-នទីសេដ្ឋាបុប្ផាស្បៃវែងសែនតេជៈ
៦-ឯករង្សីបារមីចៅសែន៕
Ti Amo (ពស)