រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់ថ្នាក់ដឹកនាំ ជានាយក នាយករង ត្រូវរៀបចំសាលារៀនប្រកបទៅដោយបរិស្ថានអប់រំ

  • 933
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ បានស្នើដល់ថ្នាក់ដឹកនាំ ជានាយក នាយករង ត្រូវរៀបចំសាលារៀនប្រកបទៅដោយបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌល ជាថ្នាល ដែលបណ្តុះបណ្តាល នូវធនធានមនុស្សពេញលេញ ដើម្បីសម្រេចគោលដៅអប់រំ ឲ្យក្លាយជាសាលារៀនគម្រូពិតប្រាកដ។

ឯកឧត្តមបានស្នើបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែង លោក តាន់ សុជាតិ ជានាយកវិទ្យាល័យបាកាន ចំណុះឲ្យការិយាល័យអប់រំស្រុកបាកាន តាមដីកាលេខ០២៦/១៩ ដក/ខពស របស់រដ្ឋបាលខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវិទ្យាល័យបាកាន ដោយបានការចូលរួមពីអភិបាលរងខេត្ត អាជ្ញាធរស្រុក ឃុំ អតីតគ្រូបង្រៀនការិយាល័យអប់រំ និងវិទ្យាល័យបាកាន នាយក នាយករង សាលាទូទាំងស្រុកបាកាន មន្ត្រីអប់រំយុវជន និងកីឡាយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ការប្រកាសតែងតាំង និងប្រគល់ត្រា នាយកវិទ្យាល័យបាកាន ដែលចំណុះឱ្យការិយាល័យអប់រំស្រុកនាពេលនេះ គឺដើម្បីឱ្យបន្តយន្តការគ្រប់គ្រងដឹកនាំឲ្យមានតម្លាភាព និងគុណភាព។ ជាទូទៅយើងទាំងអស់គ្នាបានចាត់ទុកថា វិស័យអប់រំ យុវជន និងកីឡា គឺជាគ្រឹះ ជាថ្នាល និងជាពុម្ពដ៏ល្អ និងមានសារៈសំខាន់ ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស ឈានឆ្ពោះទៅអភិវឌ្ឍន៍សង្គមជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ប្រសិនបើគ្រូបង្រៀនមាន​ល័ក្ខខ័ណ្ឌ​ណាមួយ មិន​សមស្រប​តាម​តម្រូវការ​របស់​សិស្ស និង​រូបភាព​មិនល្អ​នៅក្នុង​សង្គម នោះគ្រូបង្រៀន ក៏​ងាយ​ទទួលរង​ការរិះគន់ និងជិះឥទ្ធិពល ពី​មនុស្ស​ជុំវិញខ្លួន​ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា សុខសន្តិភាព និងស្ថេរភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា កត្តាដែលយើងផ្តោតការយកចិត្តទុកដាក់សំខាន់នោះ សូមថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសលោកនាយក ដែលបានប្រកាសតែងតាំងនាពេលនេះ គប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការបំពេញតួនាទីភារកិច្ច។

ឯកឧត្តមបានលើកឡើងទៀតថា ក្នុងនាមខ្លួនយើងជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិកាស្នោះត្រង់ យោគយល់ឱ្យគ្នាទៅវិញទៅមក។ ទាំងអស់នេះ គឺជាកិត្តិយស និងភាពថ្លៃថ្នូ របស់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងមូល ដែលទទួលបានការសាទរ ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋជាក់ជាមិនខាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកវត្ថុកំដរដៃ របស់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ជូនអតីតគ្រូបង្រៀនការិយាល័យអប់រំ និងវិទ្យាល័យបាកាន ចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករដំណើប១០គីឡូក្រាម, មី១កេស, តាំងហ៊ុន៦ខាំ, សណ្តែក៣គីឡូក្រាម, ទឹកដោះគោ៥គីឡូក្រាម និងថវិកា២០ម៉ឺនរៀល។ ដោយឡែកលោកគ្រូ អ្នកគ្រូវិទ្យាល័យបាកាន នាយក នាយករង សាលាទូទាំងស្រុកបាកាន និងអ្នកចូលរួមទាំងអស់ ជាង៣០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង២ និងថវិកា២ម៉ឺនរៀលផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង